(កណ្តាល)៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមិនាឆ្នាំ២០១៦ បានសម្រេចធ្វើការឃុំខ្លួន ប្រធានសន្តិសុខរោងចក្រ ដើមខ្វិត ពីររូបគឺជនជាតិចិន១រូបខ្មែរ១រូប ក្រោមបទចោទប្រកាន់ អ្នកសមគំនិតនិងរំលោភសេពសន្ទវៈ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមមាត្រា២៩និង២៣៩ នៃច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិឡើង នៅថ្ងៃទី២០ ខែមិនាឆ្នាំ២០១៦នៅក្នុងរោងចក្រដើមខ្វិត ឃុំស្វាយរលំស្រុកស្អាង ។
ជនសង្ស័យទាំង០២នាក់ ត្រូវបានឃុំខ្លួន គឺ១-ឈ្មោះ សៀ ស៊ាវស៊ាន (Xieshao Xuan) ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរមេការ ប្រធានសន្តិសុខរោងចក្រ ដើមខ្វិត និងទី២-ឈ្មោះ យូ សុភក្រ័ ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប្រធានសន្តិសុខ រោងចក្រដើមខ្វិត មានទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ ភ្នំពេញ ។
មន្រ្តីតុលាការ បានបញ្ជាក់ថា ជនល្មើសទាំងពីត្រូវឃុំខ្លួន ពីបទអ្នកសមគំនិត និងរំលោភសេពសន្ទវៈ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញាត្តិមាត្រា២៩និង ២៣៩នៃច្បាប់ក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២១ខែ មិនាឆ្នាំ២០១៦លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូង ខេត្តកណ្តាលបានបញ្ជាឲ្យសមត្ថកិច្ច នគរបាលយុត្តិធម៌ធ្វើការឃាត់ខ្លួន ប្រធានសន្តិសុខរោងចក្រពីររូប នៅរោងចក្រ ដើមខ្វិត គឺជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធនឹងបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះព ល ដ អាយុ១៩ឆ្នាំ មុខងារសន្តិសុខរោងចក្រ ដើមខ្វិត ចោទប្រកាន់រំលោភសេពសន្ទវៈ យ៉ាងព្រៃផ្សៃលើរូបនាង។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីជំនាញ បានបើកការសបអង្កេតយកចំលើយ ជនរងគ្រោះ និងសាកសួរជនសង្ស័យទាំងពីរចប់សព្វគ្រប់ ហើយរាយការណ៍ ជូនលោកស្នងការ ស្នងការរងទទួលផែន នៅវេលាម៉ោង១៧៖២៥នាទីថ្ងៃ ទី២១មិនាឆ្នាំ២០១៦ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូង ខេត្តកណ្តាល បានបញ្ជាឲ្យ ឃាត់ខ្លួន ឈ្មោះ យូ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ រីឯឈ្មោះ សៀ ស៊ាវស៊ាន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនឃាត់ខ្លួន នៅវេលាម៉ោង២០៖៤០នាទី បញ្ជូនមកតុលាការ តែម្ដង៕