(ពោធិ៍សាត់)៖ សាលាឆាន់ក្នុងវត្តសាមគ្គីរតនារាម ហៅវត្តសំរោង ទំហំ១៧x២៥ម៉ែត្រ ត្រូវបាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ សម្រេចសាងសង់ជូនឲ្យបានរួចរាល់ ទៅតាមការស្នើសុំ ពីសំណាក់ព្រះសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្ត នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦ នៅបរិវេណវត្ត ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការសម្រេចសាង់សង់ជូននេះ ធ្វើឡើងខណៈពេលដែលលោកអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យដោយផ្ទាល់ ពាក់ព័ន្ធទៅនឹងសំណូមពររបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានទំនាក់ទំនងមករូបលោក ។
ពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានឲ្យដឹងថា វត្តសាមគ្គីរតនារាម ហៅវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥អង្គ បច្ចុប្បន្នក្រៅពីសមិទ្ធផលនានា ដែលមាននៅក្នុងវត្ត ក៏នៅមានសាលាឆាន់ ដែលបាននឹងកំពុងសាងសង់ មានទំហំ ១៧x២៥ម៉ែត្រ ហើយមានការខ្វះខាតបង្ហើយបន្ថែមជាដែក៦លីចំនួន ៣០០គីឡូក្រាម, ដែក១៦លី ចំនួន ១២៥ដើម និង ស៊ីម៉ង់ចំនួន ២តោនទៀត ។
លោក ម៉ៅ ធនិន បានថ្លែងថា ដោយមានការចូលរួមពីអាជីវកម្មខ្សាច់ មង្គល សុវណ្ណ បានជួយជាដែក ៦លី ចំនួន១០០គីឡូក្រាម, ដែក១៦លី ចំនួន ៥០ដើម និង លោក ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បានសម្រេចបង្ហើយ ជាដែក ៦លី ចំនួន ២០០គីឡូក្រាម, ដែក១៦លី ចំនួន ៧៥ដើម និង ស៊ីម៉ង់ចំនួន ២តោន ។
លោកក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ ដែលបានសាមគ្គី និង សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុងការងារចុះជួយស្រុកភ្នំក្រវាញ ដែលមានលោក ទី នរិន្ទ ដែលបានផ្តួចផ្តើមសាងសង់ សាលាឆាន់នៅក្នុងវត្តសាមគ្គីរតនារាម ហៅវត្តសំរោង នេះឡើង ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានបន្តចុះសួរសុខទុក្ខបងប្អូនអាជីវករ ក្នុងផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ព្រមទាំងបានពិនិត្យនូវយន្តការដែលបានដាក់ចេញ ដើម្បីឲ្យអ្នកដែលទទួលម៉ៅការភាស៊ី មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ី ពីលោកតា លោកយាយ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ព្រមទាំងក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ឬខ្ចៅខ្យង ដើម្បីចិញ្ចឹមជីវិតឡើយ គឺទុកឲ្យពួកគាត់រស់នៅបានសុខស្រួល ។
លោកក៏បានត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក ដើម្បីលើកកម្ពស់ការថែទាំង អនាម័យ-បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសការសម្រួល និងលើកស្ទួយ ជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានដាក់វិធានការ និង រម្លឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនអាជីវករនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មិនត្រូវទុកឲ្យពួកគាត់ រស់នៅក្នុងភាពរងារ និង ភ័យខ្លាច ដូចពាក្យចាស់ពោលថា «គោបាត់ ទើបធ្វើរបង» នោះឡើយ ។
លោកក៏បាន អំពាវនាវ និង ធ្វើការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ គឺមិនអនុញ្ញាតិឲ្យមានការពិឃាដសត្វយកសាច់គ្រប់សត្ថឃាដដ្ឋានទូទាំងខេត្ត នៅរៀងរាល់ថ្ងៃឧបោសថសីលផងដែរ៕