(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រគល់ថវិកា៤៥០០ដុល្លារ ជូនដល់ម្ចាស់កំពង់ដរ លោកស្រី ជា លី និងប្តីឈ្មោះ យាន ធារ៉ា ដែលជាម្ចាស់ដរ កំពង់ឬស្សី ស្ថិតនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ដែលមានជម្លោះរាំរ៉ៃ ជាមួយប្រជាពលរដ្ឋ តាំពីយូរយាណាស់ហើយ ដើម្បីបញ្ចប់ការវិនិយោគមុនកិច្ចសន្យា ដែលធ្វើឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃមានការគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការដ៍ល្អរបស់អភិបាលខេត្ត។
លោក ជា សុមេធី អភិបាលខេត្តបានថ្លែងថា កំពង់ដរនេះត្រូវបានរដ្ឋប្រគល់កាវិនិយោគ ទៅអោយលោកស្រី ជា លី និងស្វាមី តាមកិច្ចសន្យាចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ ២០២១ ទើបបញ្ចប់កិច្ចសន្យា តែដោយសារកំពង់ដរនេះ តែងតែមានជំលោះជាមួយប្រជាពលរដ្ឋ ហើយរដ្ឋត្រូវធ្វើផ្លូវនៅកំពង់ដរ មុនកិច្ចសន្យានោះ ទើបអាជ្ញាធរខេត្តលុបកិច្ចសន្យានេះ ហើយបានធ្វើការទូទាត់ជូនម្ចាស់កំពង់រ នូវថវិកាចំនួន៤៥០០ដុល្លា តាមកិចកច្ចសន្យា រវាងម្ចាស់កំពង់ដរ និងអភិបាលខេត្ត ក្នុងការរុះរើសម្ភារៈដែលមានដូចជាទូក និងរោងដែលបានតាំងនៅទីនោះចេញវិញ បន្ទាប់ពីបានទទួលប្រាក់គ្រប់ចំនួន។
លោកស្រី ជាលី ម្ចាស់កំពង់ដរបានយល់ព្រម សុខចិត្តទទួលប្រាក់៤៥០០ដុល្លារពី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦ រុះរើសម្ភារៈដែលមានដូចជាទូក និងរោងដែលបានតាំងនៅទីនោះ។
ជាមួយគ្នានេះអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខចាស់ជរា គ្មានទីពឹងមួយចំនួនពិការភ្នែក និងមានជំងឺចំនួន០៥គ្រួសារ នៅឃុំកំពង់ឬស្សី និងបាននាំយកអំណោយមានសម្ភារៈ និងថវិកាមួយចំនួនផងដែរ។ ក្នុងនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋានជាប់ក្បែរ ជួយមើលថែរក្សារពួកគាត់ផង៕