(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងអំពីភាពធន់នៃវិស័យធនាគារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយក្នុងនោះប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ជូនអតិថិជន។
ការឲ្យដឹងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងពិធីរៀបចំសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ជា ចាន់តូ បានថ្លែងបន្ថែមថា «នៅឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍, កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ»។
លោក ជា ចាន់តូ បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។
លោកបន្ដថា «និយាយចំពោះប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជនមានកំណើន២៣,៤%, និងប្រាក់បញ្ញើអតិថិជនកើន២០,៧%»។
លោកឲ្យដឹងទៀតថា ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។
លោកបន្ដថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការមានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លើសពីនេះដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញចំនួន៣៦៧.២៣៩ គណនី ស្មើនឹង
២២,២ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។
ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា បានពង្រឹងការអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗដូចជា ការទូទាត់ដោយប្រើ QR កូត ការផ្ទេរប្រាក់ និងការទូទាត់តាមទូរស័ព្ទដៃជាដើម។ ក្នុងនោះប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ត្រូវបានដាក់ឱ្យប្រើប្រាស់ និងជាប្រព័ន្ធទូទាត់កន្លែង សម្រាប់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការទូទាត់នានា។
ប្រព័ន្ធទូទាត់ទាំងអស់នេះ បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ ដើម្បីបន្តគាំទ្រ ដល់ការរក្សាលំនឹងសេដ្ឋកិច្ច-សង្គម និងការស្តារឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តវិធានការគាំទ្រកំណើន និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានរឹងមាំ ស្របតាមការដាក់ចេញគោលនយោបាយ របស់រាជរដ្ឋាភិបាល៕