(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព សហការជាមួយមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គការអភិរក្សអន្ដរជាតិ បានចុះបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិខុសច្បាប់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចដំណាក់ម្អម ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក សៀន វីរ: នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងករណីបង្រ្កាបនេះសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់រួមមាន៖
ទី១៖ ឈ្មោះ ឡុង សារុន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទី២៖ ឈ្មោះ ផែន ភារម្យ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទី៣៖ ឈ្មោះ ងឿង ប្រុស ភេទ ប្រុស អាយុ ២៥ ឆ្នាំ ទី៤៖ ឈ្មោះ ម៉ម សេង ភេទ ប្រុស អាយុ ៥២ ឆ្នាំ ទី៥៖ ឈ្មោះ ជួប ឆន ភេទ ប្រុស អាយុ ៦៤ ឆ្នាំ (អ្នកទាំង៥នាក់នេះ មានទីលំនៅ ភូមិ អូរំចេក ឃុំ បាសាក់ ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង)
ទី៦៖ ឈ្មោះ ឡុង ធារ៉ា ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ ចក្រី ឃុំ បាសាក់ ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង
ទី៧៖ ឈ្មោះ ជួប ឃ្លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិ ថ្មី ឃុំ បាសាក់ ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង
និងទី៨៖ ឈ្មោះ វណ្ណ បញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិ ចំការចេក សង្កាត់ ផ្ទះព្រៃ ខេត្ត ពោធិ៍សាត់។
ទំហំដីដែលជនសង្ស័យបានកាប់រានដីព្រៃចំនួន១៥,៩៦ហិកតា ដោយបានប្រើប្រាស់រណាយន្ដចំនួន ០៥គ្រឿង និងកាំបិតចំនួន ០៨ផ្លែ និងពូថៅចំនួន០១។
ក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ចបានដុតបំផ្លាញខ្ទមចំនួន ០៣, ជំរុំប្រក់តង់ចំនួន០៤ និងដកហូតអន្ទាក់សត្វចំនួន ១០០ខ្សែ។
នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្តទៀតថា ចំពោះវត្ថុតាងរណាយន្ដចំនួន ០៤គ្រឿង និងអន្ទាក់សត្វចំនួន ១០០ខ្សែ ត្រូវបាបយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលរវៀង។
ចំណែករណាយន្ដធន់ធំចំនួន០១គ្រឿង កាំបិតចំនួន ០៨ផ្លែ និងពូថៅចំនួន០១ ប្រធានក្រុមការងារសម្រេចប្រគល់ជូនប្រជាការពារ និងរដ្ឋបាលស្រុកវាលវែងរក្សាទុក។ ចំពោះជនសង្ស័យទាំង៨នាក់ ត្រូវបាននាំមកកាន់មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនោះដែរ លោក ខូយ រីដា និងអភិបាលស្រុកវាលវែង បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ហាមមិនឱ្យកាប់រុករានដីព្រៃ ឬកាប់គាស់ភ្នំយកដីធ្វើកម្មសិទ្ធិ និងបរបាញ់សត្វខុសច្បាប់បន្តទៀតឡើយ៕