(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះឃាត់ខ្លួនកូនប្រុសប្រធានភូមិសាក់សំពៅចំនួន៣នាក់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រោយបើកគ្រឿងចក្រទៅរារាំងការងាររបស់អាជ្ញាធរខណ្ឌដង្កោ ចុះទប់ស្កាត់ឈ្មួញចាក់ដីលុបស្ទឹងព្រែកត្នោត ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
នគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនទាំង៣នាក់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដាក់គ្រឿងចក្រ ទៅកាយខ្សាច់ដែលឈ្មួញទុច្ចរិកបានលួចមូបពីស្ទឹងមកស្តុកលើមាត់ស្ទឹងព្រែកត្នោត ក្បែរស្ពានសាក់សំពៅ។
ពេលកំពុងប្រតិបត្តិការកាយដីខ្សាច់ដឹកចេញស្រាប់លេចមុខអ្នកទាំង៣ បើកគ្រឿងចក្រមកបិទផ្លូវមិនឲ្យអាជ្ញាធរដំណើរការ ទើបឈានដល់ការជជែកតឹងសរសៃកជាមួយអាជ្ញាធរ រហូតអាជ្ញាធរស្នើឲ្យសមត្ថកិច្ចព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ។
ជុំវិញករណីនេះ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsថា កូនប្រុសប្រធានភូមិសាក់សំពៅទាំង៣នាក់ ដែលឃាត់ខ្លួនខាងលើនេះ ត្រូវបានអ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ អនុញ្ញាតឲ្យត្រឡប់ទៅវិញ ដោយមានអ្នកមកធានា និងធ្វើកិច្ចសន្យាត្រឹមត្រូវ៕