(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបាននគរបាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់ខ្លួនក្រោយមានបណ្ដឹងមួយដែលបានចោទប្រកាន់ថា ស្រ្តីរូបនោះរំលោភលើទំនុកចិត្តលក់ដីខ្យល់ឲ្យ ធ្វើឲ្យខាតបង់ប្រាក់ជាង២ម៉ឺនដុល្លារ។

នគរបាលបានចេញលិខិតឲ្យស្រ្តីសង្ស័យខាងលើចូលខ្លួន ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ៩ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ទៀង គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រយកបន្ទាយមាស ខេត្តកំពត ដែលបានដាក់ជូនលោកឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គាត់បានចាញ់បោកស្រ្តីខាងលើឈ្មោះ យិន សុក្រមិនា អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវរថភ្លើង បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់ប្រាក់ចំនួន២៥,៧០០ដុល្លារ។

ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រ្តីសង្ស័យឈ្មោះ យិន សុក្រមិនា បានយកដីកសិកម្មមួយកន្លែងទំហំ១៨,០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអំបែងក្រសាំង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត លក់ក្នុងតម្លៃ ៣២,៣០០ដុល្លារ ហើយប្រាប់ថា ដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ ពេលនោះអ្នកទិញបានឯកភាពគ្នាកក់លើកទី១ ចំនួន៥ពាន់ដុល្លារសិន ដោយកក់នៅនិងផ្ទះរបស់ជនសង្ស័យនោះតែម្ដង។

លុះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ គាត់បានយកប្រាក់ចំនួន ២០,៧០០ដុល្លារ បានទៅកក់បន្ថែមឲ្យឈ្មោះ យិន សុក្រមិនា នេះដល់ផ្ទះទៀត ហើយក្រោយពីទទួលបានប្រាក់ពីគាត់សរុប ២៥,៧០០ដុល្លាររួច ជនសង្ស័យបានប្រាប់ឲ្យគាត់ទៅទទួលយកប័ណ្ណកម្មសិទ្ធិនៅឯការិយាល័យសុរិយោដីស្រុកដងទង់។

ពេលនោះ គាត់បានសួរមន្រ្តីការិយាល័យទើបដឹងថា ស្រ្តីខាងលើលក់ដីខ្យល់ដោយដីនោះមានជាប់បណ្ដឹងទាស់ពុំអាចផ្ទេរកម្មសិទ្ធិបានឡើយ ហើយតាមរយៈការស្រាវជ្រាវម្ចាស់កម្មសិទ្ធិដីនោះឈ្មោះ ពេញ ចិន្ដា ឯណោះទៅវិញ។ ដោយសារតែបែបនេះទើបគាត់ដាក់ពាក្យប្ដឹង ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនគរបាលគ្រាន់តែចេញលិខិតទៅបំភ្លឺប៉ុណ្ណោះ ហើយក្រោយសាកសួរបានឲ្យត្រឡប់មកផ្ទះវិញ ពុំបានឃាត់ខ្លួនជនស្រ្តីសង្ស័យរូបនេះឡើយ៕