(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគលើបច្ចេកវិទ្យា និងការអនុវត្តការសន្សំសំចៃថាមពល ដោយកាត់បន្ថយបរិមាណនៃការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ៤% ជារៀងរាល់ឆ្នាំ នៅក្នុងរោងចក្រទាំងមូល ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
ការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនៅ ខ្មែរ ប៊ែវើរីជីស ទទួលបានប្រសិទ្ធភាពខ្ពស់ ព្រោះថាក្រុមហ៊ុន បានវិនិយោគលើឧបករណ៍ និងម៉ាស៊ីនដែលជាបច្ចេកវិទ្យាចុងក្រោយ ដែលមានកម្រិតនៃការប្រើប្រាស់អគ្គិសនីតិចជាងមុន។ ក្រុមហ៊ុន មានបុគ្គលិកជំនាញត្រួតពិនិត្យលើប្រតិបត្តិការ និងធ្វើតាមនិតិវិធីច្បាស់លាស់ក្នុងការប្រើប្រាស់ថាមពល ជាពិសេសធ្វើការត្រួតពិនិត្យលើបរិមាណនៃការប្រើប្រាស់អគ្គិសនីជាប្រចាំ និងការទប់ស្កាត់រាល់ពេលលទ្ធផលខ្ពស់ជាងការកំណត់ ឬគោលដៅ។
បន្ថែមពីលើនេះ ដំណើរការនៃការកាត់បន្ថយថាមពល ក៏មានសូចនាករណ៍វាស់វែងដំណើរការរបស់ម៉ាស៊ីន ឬប្រសិទ្ធភាពដំណើរការរបស់ម៉ាស៊ីនផងដែរ។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «កិច្ចគាំពារបរិស្ថាន ជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាញរបស់ ខ្មែរ ប៊ែវើរីជីស ហើយយើងនឹងបន្តអនុវត្តការការពារបរិស្ថានឲ្យកាន់តែប្រសើរឡើង ដើម្បីសន្សំសំចៃធនធានធម្មជាតិ និងអនុវត្តយុទ្ធសាស្ត្រនីរន្តរភាព»។
គួរបញ្ជាក់ថា ក្រៅពីការសន្សំសំចៃការប្រើប្រាស់អគ្គិសនី ខ្មែរ ប៊ែវើរីជីស បានបំពាក់ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ បានតម្លើងប្រព័ន្ធបន្សុទ្ធផ្សែងចេញពីឡចំហេះមុនបំភាយចូលទៅក្នុងបរិយាកាស មានប្រព័ន្ធសម្អាតសំណល់ទឹកមុនបង្ហូរចូលក្នុងធម្មជាតិវិញ និងបានកាត់បន្ថយការប្រើប្រាស់ទឹកនៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលផងដែរ៕