(បន្ទាយមានជ័យ)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងភរិយា បានឧបត្ថម្ភថវិកា ៤០លានរៀល និងត្រីវខកំប៉ុង ៥០០កេស ជូនទៅកងទ័ពនៅយោធភូមិភាគទី៥ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងទ័ព ដែលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
កងទ័ពនៃយោធភូមិភាគទី៥ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅតាមបណ្តាខេត្តភាគពាយព្យប្រទេសមានដូចជានៅបាត់ដំបង ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ។ កម្លាំងទ័ពនៅយោធភូមិភាគទី៥នេះ ក៏កំពុងនឹងប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
ជួសមុខឱ្យមេបញ្ជាការយោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយក្តីសម្បុរសរបស់លោកឧកញ៉ា ឡេង ប្រុស និងភរិយា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានចាត់ទុកការឧបត្ថម្ភ ជាកាយវិការដ៏ល្អមួយក្នុងការចូលរួមចំណែកជួយដល់សង្គមជាតិ ដែលកំពុងជួបការលំបាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។
ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។
ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។
ជាពិសេសក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ បងប្អូនត្រកូល «ឡេង» តែបានឧបត្ថម្ភជាថវិកា និងស្បៀអាហារផ្សេងៗ ទៅកាន់អាជ្ញាធរនៅតាមរាជធានី ខេត្ត ក៏ដូចជាអង្គភាពផ្សេងៗរបស់រដ្ឋទាំងកងកម្លាំង និងស៊ីវិល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ក៏ដូចជាការដោះស្រាយការលំបាកនៅក្នុងអង្គភាពផ្ទាល់។
កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕