(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះលោក Xi JinPing ប្រធានាធិបតីចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន។ នេះបើតាមព្រះរាជទានព្រះរាជសារ ដែលបណ្តញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដានេះ។
សូមជម្រាបថា ទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានចុះផ្សាយថា ទឹកជំនន់ខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន បានបណ្តាឡឲ្យស្លាប់កើនឡើងដល់ ៣៣នាក់ និងបផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ប្រជាជនអស់ជាច្រើផងដែរ។
អាជ្ញាធរខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសភាពអាសន្នកម្រិតខ្ពស់បំផុត ចំពោះបញ្ហាអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា៕