(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ «PRO STAR» ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងឡើយ។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋមុននឹងទិញផលិតផលខាងលើ សូមពិនិត្យមើលលតាបត្រលេខបញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមាន២ផ្នែក ទី១៖ ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងទី២៖ ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនី Facebook ចំនួន៥រួមមាន៖ ទី១៖ PRO STAR KH, ទី២៖ PRO STAR CAMBODIA, ទី៣៖ PRO STAR CAMBODIA, ទី៤៖ PRO STAR និងទី៥៖ Pro-Star CELL Store ព្រមទាំងគណនីផ្សេងៗទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលើកជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធាំនការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងគណនីពាក់ព័ន្ធដ៏ទៃទៀត ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ PRO STAR គ្មានលេខបញ្ជិកាទាំងអស់ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕