(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៦នេះ អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ទទួលបានការគាំទ្រខ្ពស់ពីដៃគូអន្ដរជាតិ និងអតិថិជន ហួសពីការរំពឹងទុក ។
គណៈកម្មការនាយករបស់ អម្រឹតបានលើកឡើងក្នុងកិច្ចប្រជុំកន្លងទៅឲ្យដឹងថា គ្រឹះស្ថាន អម្រឹតកាន់តែបោះជំហានរីកចម្រើនទៅមុខថែមទៀតសម្រាប់ឆ្នាំ ២០១៦នេះ ហើយនោះគឺការវាយតម្លៃខ្ពស់ ការគាំទ្ររឹងមាំពីដៃគូអន្តរជាតិ និងការទទួលបានកម្ចីឥណទានថ្មីបន្ថែមទៀតចំនួន ៥០លានដុល្លារអាមេរិកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ។
កាលពីពេលថ្មីៗកន្លងមកនេះ Microfinanza ដែលជាទីភ្នាក់ងារអន្តរជាតិឈានមុខគេមួយដែលមានជំនាញក្នុងការវាយតម្លៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ការវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់អម្រឹតក្នុងចំណាត់ថ្នាក់ “A-Stable” (A - រឹងមាំ)ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ក្នុងរបាយការណ៍វាយតម្លៃ បានចេញផ្សាយកាលពី ដើមឆ្នាំនេះថា Microfinanza បានកោតសរសើរពី “ប្រសិទ្ធភាពប្រតិបត្តិការ និងកម្រិតផលិតភាពខ្ពស់” របស់អម្រឹត និងបានបង្ហាញថាអម្រឹត “បន្តក្តោបក្តាប់ទីផ្សារល្អប្រសើរ” ។
ទីភ្នាក់ងារ Microfinanza ក៏បានរំលេចនូវចំណុចខ្លាំងនៃរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរបស់អម្រឹតផងដែរ ដោយលើកសរសើរថា បានពង្រឹងចក្ខុវិស័យយុទ្ធសាស្រ្ត និងស្ថិរភាពហិរញ្ញវត្ថុ” របស់អម្រឹត។
ទន្ទឹមនឹងនោះ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានឲ្យដឹង ថា «ជាមួយនឹងការវាយតម្លៃនិងផ្តល់ចំណាត់ថ្នាក់ខ្ពស់ពី Microfinanza បូកផ្សំនឹងហិរញ្ញប្បទានបន្ថែមពី IFC ដែលជាម្ចាស់ភាគហ៊ុនមួយរបស់យើង ខ្ញុំជឿជាក់ថាឆ្នាំ២០១៦នេះ អម្រឹតនឹងរីកចម្រើនកាន់តែខ្លាំងថែមទៀត ហើយយើងនឹងពង្រីកសមត្ថភាពក្នុងការទទួលប្រាក់បញ្ញើបន្ថែមដើម្បីអាច ផ្តល់ប្រាក់កម្ចីដល់ប្រជាជនខ្មែរកាន់តែច្រើន ដែលកំពុងប្រឹងប្រែងអភិវឌ្ឍជីវភាព និងងើបចេញពីភាពក្រីក្រ»។
គួររំលឹកផងដែរថា កាលពីខែមុន សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្រកាសថា ខ្លួននឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន៥០លានដុល្លារ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីជួយពង្រីកលទ្ធភាពផ្តល់ប្រាក់កម្ចីបន្ថែមដល់អតិថិជនដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ពិសេសនៅក្នុងវិស័យកសិកម្មនិងតាមទីជនបទ៕