(បន្ទាយមានជ័យ)៖ លោកឧកញ៉ា ឡេង ប្រុស និងលោកស្រី បានឧបត្ថម្ភជាគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ នៃបញ្ជាការយោធភូមិភាគទី៥ ដែលកំពុងមាញឹកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការចម្លងជំងឺកូវីដ១៩ ដែលកំពុងវាយលុកប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក។
ឧកញ៉ា ឡេង ប្រុស និងលោកស្រី បានជួយឧបត្ថម្ភជាគ្រឿងបរិភោគរួមមាន៖ ត្រីខកំប៉ុងចំនួន ៥០០កេស និងថវិកា៤០.០០០.០០០រៀល ជូនក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគទី៥។
ជាការឆ្លើយតបចំពោះជំនួយសប្បុរសធម៌ខាងលើនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលតែងតែចូលរួមការងារសប្បុរធម៌ជាមួយសង្គមជាតិគ្រប់ទីន្លែង ជាពិសេសសម្រាប់ការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យនេះ។
លោកឧត្តមសេនីយ៍ បានចាត់ទុកទឹកចិត្តប្រកបដោយសប្បុរស និងពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកឧកញ៉ា និងភរិយា ជាកាយវិការដែលឆ្លុះបញ្ចាំងពីគុណធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានយោធភូមិភាគ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្ត ចងចាំទុកនៅក្នុងដួងចិត្ត។
សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។
ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។
ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានា របស់ជាតិ។ កាយវិការមនុស្សធម៌របស់ពួកគេ ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕