(ភ្នំពេញ)៖ ក្រុមចោរហារយដែលមានគ្នាចំនួន៣នាក់ ខណៈកំពុងជិះម៉ូតូដើរធ្វើសកម្មភាពលួចម៉ូតូ និងគាស់បន្ទប់ជួលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២ ល្បាតជាមួយប្រជាការពារ ហៅសួរនាំឆែកឆេរឃើញមានវត្ថុតាងប្រដាប់កាច់សោ ក៏សម្រេចឃាត់ខ្លួនតែម្តងបានម្នាក់ ខណៈបក្ខ២នាក់ទៀតដឹងខ្លួនបានរត់គេខ្លួនបាត់តែម្តង។
ការចាប់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវបែកជាបួនភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សាន ប៉ែត នាយប៉ុស្តិ៍ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ហេង សេងហួ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅទី២។ ជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួននោះមានឈ្មោះ អាតាស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ និងឈ្មោះ អាសូរ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដគេចខ្លួន ក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ គេចខ្លួន។ វត្ថុតាងដកហូតម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1A-9262។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង និងម៉ូតូត្រូវបានកម្លាំងជំនាញប៉ុស្តិ៍នគរបាលចោមចៅទី២ នាំមកប៉ុស្តិ៍ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមផ្លូវច្បាប់៕