(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា «មិត្តភាពរវាងកម្ពុជា-ចិន ដូចដុំគជ់មួយដុំ ដែលមិនអាចបំបែកបាន»។ អ្វីដែលជាចំណុចសំខាន់នោះ គឺដើម្បីបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងពីរ ឱ្យមានសន្តិភាព សុភមង្គល និងទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រពីសំណាក់ប្រជាពលរដ្ឋ ដើម្បីជម្នះរាល់ការរាំងស្ទះដោយការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅ។

ការគូសបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ឆ្នាំនេះ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន ដែលប្រទេសទាំងពីរបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន។

នាឱកាសនោះដែរ សម្តេចបានថ្លែងថា អស់រយៈពេល១០០ឆ្នាំកន្លងមកនេះ គណបក្សកុម្មុយនីស្តចិន បានប្រឈមមុខ និងជំនះលើឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុលភាពដ៏ធំធេងដោយបានផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ប្រទេស និងជោគវាសនារបស់ប្រជាជនខ្លួន រហូតក្លាយជាប្រទេសមហាអំណាចលើពិភពលោក។ ការកសាងប្រទេសចិនសារជាថ្មី បានធ្វើជាគម្រូដល់ប្រទេសដែលកំពុងអភិវឌ្ឍ និងធ្វើជាគម្រូសម្រាប់គណបក្សកាន់អំណាចលើពិភពលោក។ សម្តេចពិជ័យសេនា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យរបស់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា សូមចូលរួមកោតសរសើរយ៉ាងក្រៃលែង ចំពោះកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកកន្លងមក ហើយសម្តេចពិជ័យសេនា បានចាត់ទុកប្រធានបទក្នុងកិច្ចប្រជុំ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវគោលបំណងរបស់គណបក្សកុម្មុយនីស្តចិន «ធ្វើអ្វីៗទាំងអស់សម្រាប់ផលប្រយោជន៍របស់ប្រជាជន»

ក្នុងសុន្ទរកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា «កិច្ចប្រជុំមួយនេះពិតជាមានសារសំខាន់យ៉ាងអនេកក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនានា នៅលើពិភពលោក។ ឯកឧត្តម Xi Jin Ping អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា «បក្សកុម្មុយនីស្តចិនស្ម័គ្រចិត្តឈរជាមួយគណបក្សកាន់អំណាចគ្រប់ប្រទេស ដោយមិនរុញរា ដើម្បីក្លាយខ្លួនជាអ្នកកសាងសន្តិភាពលើពិភពលោក រួមចំណែកដើម្បីអភិវឌ្ឍលើពិភពលោក និងធ្វើជាអ្នកការពារសណ្តាប់ធ្នាប់លើពិភពលោក»

ការប្រកាសជាឱឡារិកនេះ បានធ្វើឱ្យគណបក្សនយោបាយ និងតំណាងប្រទេសមកពីគ្រប់មជ្ឈដ្ឋានជាងមួយម៉ឺននាក់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំទទួលស្គាល់ពីឆន្ទៈដ៏មុតមាំរបស់គណបក្សកាន់អំណាចធំរបស់ពិភពលោក បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងពិភពលោកទទួលស្គាល់ពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តទៀតថា «គណបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជា និងចិនបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋរបស់ខ្លួន ព្រោះគណបក្សកាន់អំណាចជាអ្នកបម្រើប្រជាពលរដ្ឋ»

សម្តេចពិជ័យសេនា បានចូលរួមកោតសរសើរយ៉ាងក្រៃលែងចំពោះកិច្ចទំនាក់ទំនងដ៏ល្អចំពោះគណបក្សប្រទេសទាំងពីរ ដោយសម្តេចមើលឃើញថាប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ គឺជាសហគមន៍ជោគវាសនារួមយ៉ាងពិតប្រាកដ ហើយ
តែងតែជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីសន្តិភាព អធិបតេយ្យភាព វិបុលភាព និងផលប្រយោជន៍រួម។

«មិត្តភាព បងប្អូនដែកថែប» បានបង្កើតឡើងដោយផ្អែកលើការលើកកម្ពស់ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក។ យុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បានចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំងក្លា និងនាំផលិតផលចេញទៅកាន់ប្រទេសចិនបន្តកើនឡើងជាលំដាប់។ ជំនួយជាបន្តបន្ទាប់ និងការគាំទ្រពីសំណាក់ភាគីចិន គឺចេញពីសណ្តានចិត្តដ៏ស្មោះស្ម័គ្រ មិនគិតពីការតបស្នងក្នុងលក្ខខណ្ឌណាមួយឡើយ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូដ១៩។

ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជាប្រមាណជា១៥លានដូស «គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១» ដើម្បីបំពេញតាមពាក្យសន្យា «មិត្តល្អជួយគ្នាក្នុងគ្រាលំបាក» ដែលខុសពីប្រទេសមួយចំនួន បានតែនិយាយមិនបានបំពេញតាមការសន្យា ហើយបានយកបញ្ហាសិទ្ធិមនុស្សមកគាបសង្កត់លើនយោបាយក្នុងប្រទេសដទៃ
ទៀតផង។

សម្តេចពិជ័យសេនា បានបន្តថា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលនឹងឈានជិតមកដល់នាពេលខាងមុខនេះ សម្តេចសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះកងទ័ពរំដោះប្រជាជនចិន។ ក្រោមការដឹកនាំយ៉ាងមុតមាំរបស់គណបក្សកុម្មុយនីស្តចិន កងទ័ពរំដោះប្រជាជនចិន បានរួមចំណែកយ៉ាងសំខាន់កសាងប្រទេសចិនសារជាថ្មី ក្នុងការការពារសន្តិសុខក្នុងប្រទេស និងការពារសន្តិភាពលើសកលលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំតែងតែសិក្សា និងស្រាវជ្រាវផ្នត់គំនិតយោធារបស់បក្សកុម្មុយនីស្តចិន ហើយទទួលបាននូវចំណេះដឹងថ្មីៗជាបន្តបន្ទាប់ថែមទៀត។ ខ្ញុំបានឆ្លងកាត់នូវការតស៊ូជម្នះភាពលំបាក ឆ្លងកាត់ការស្លាប់រស់ ដឹងច្បាស់ពីគណបក្សនយោបាយ ហើយការកសាងកងទ័ពដែលខ្លាំង និងកសាងប្រទេសមួយមានការអភិវឌ្ឍ រីកចម្រើនមិនមែនជារឿងសាមញ្ញងាយស្រួលទេ ដូចនេះ រូបខ្ញុំផ្ទាល់សូមកោតសរសើរចំពោះវីរភាពរបស់បក្សកុម្មុយនីស្តចិន និងកងទ័ពរំដោះប្រជាជនចិនជាខ្លាំង»

បន្ថែមពីនេះ សម្ដេចពិជ័យសេនា បានរំលឹកផងដែរថា «នៅឆ្នាំ១៩៩២ កងទ័ពរំដោះប្រជាជនចិន ជាលើកដំបូង មកបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកដល់ប្រទេសកម្ពុជា។ នាយទាហានទាំងពីររូប ដែលបានលះបង់ជីវិតដ៏មានតម្លៃ ដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា ទាំងអស់នេះហើយបានធ្វើឱ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ»

សម្តេចពិជ័យសេនា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការឆ្លងកាត់ហ្វឹកហាត់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានធ្វើឱ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត នឹងឈានដល់កម្រិតដ៏ពិសេសមួយគ្រប់ជ្រុងជ្រោយក្នុងប្រវត្តិសាស្រ្ត។

សម្តេចបានបន្តថា បងប្អូនកងទ័ពចិន បានជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ រួមមាន៖ សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយចំនួនធំ ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ សាងសង់មជ្ឈមណ្ឌលពិនិត្យសំណាក និងបង្ហាត់បង្ហាញពីវិធានការការពារ និងប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ថែមទៀត។ ជំនួយដ៏ថ្លៃថ្លាពីសំណាក់មិត្តចិនទាំងអស់នេះ ធ្វើឱ្យកងយោធពលខេមរភូមិន្ទ បាននិងកំពុងដើរតួរយ៉ាងសំខាន់ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានបង្ហាញច្បាស់នៅក្នុងព្រឹត្តិការណ៍ពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានហានិភ័យឆ្លងកម្រិតខ្ពស់ នៅក្នុងតំបន់ក្រហម និងនៅតាមបន្ទាត់ព្រំដែនតែងតែមានវត្តមានរបស់កងយោធពលខេមភូមិន្ទចុះជួយយ៉ាងសកម្មជានិច្ចទៀតផង។

ស ម្តេចបានបញ្ជាក់បន្ថែមថា «ជំងឺកូវីដ១៩ គឺជាកញ្ចក់ឆ្លុះមួយផ្ទាំងអាចឆ្លុះបញ្ចាំងអំពីយុត្តិធម៌ និងការរាំងស្ទះ។ ប្រទេស និងគណបក្សទាំងពីរ កម្ពុជា-ចិន ជានិច្ចកាលតែងតែយកអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព ហើយបានលះបង់កម្លាំងកាយចិត្ត ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនដូចប្រទេស និងក្រុមអ្នកវិភាគនយោបាយមួយចំនួន មិនបានគិតគូរពីសុខុមាលភាពសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងប្រទេសខ្លួន បែរជាមកលាបពណ៌ប្រទេសដទៃ ដោយយកបញ្ហាជំងឺរាតត្បាតកូវីដ១៩ មកធ្វើជានយោបាយធ្វើឱ្យមានការស្អប់ខ្ពើម និងបន្តញុះញង់បញ្ហានេះឱ្យកាន់តែក្តៅគគុក បន្តឱ្យកាន់តែមានភាពតានតឹងក្នុងតំបន់ ដើម្បីបិទបាំងអភិបាលកិច្ចរបស់ខ្លួន និងបញ្ហាសង្គម»