(ភ្នំពេញ)៖ បណ្តាញធុរកិច្ចអន្តរជាតិ BNI Millionaire Chapter នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នាសណ្ឋាគារកាំបូឌីយ៉ាណា បានរៀបចំទិវាធុរកិច្ច ក្នុងគោលបំណងបង្កើនឱកាសស្វែងរកប្រាក់ចំណូល ដល់សហគមន៍ធុរកិច្ច នៅក្នុងរាជធានីភ្នំពេញ។
ទិវានេះត្រូវបានផ្តួចផ្តើមគំនិតឡើង ដោយម្ចាស់អាជីវកម្មចំនួន៣៤នាក់ បានបង្កើតសាខាមួយរបស់ប្រពន្ធ័ BNI ដែលជាបណ្តាញធុរកិច្ចអន្តរជាតិធំជាងគេផ្នែក ផ្តល់ឱកាសធុរកិច្ចបណ្តាញទីផ្សារ (Referral Marketing Network) ក្នុងគោលដៅតែមួយ គឺជួយរកឱកាសធុរកិច្ចជូនគ្នាទៅវិញទៅមក ដើម្បីជំរុញសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។
លោក អ៊ឹម ផល ប្រធានបណ្តាញធុរកិច្ចអន្តរជាតិ BNI បានថ្លែងថា BNI Millionaire Chapter ត្រូវបានបង្កើតឡើង ដោយមានគោលដៅតែមួយគត់ គឺការស្វែងរកនឹងផ្តល់ឱកាសធុរកិច្ច អោយគ្នាដោយនិរន្តរភាពផ្អែកលើការធ្វើធុរកិច្ចជាមួយគ្នា។
លោកបន្តថា សមាជិក BNI Millionaire Chapter បានយល់យ៉ាងច្បាស់ និងប្រកាន់ខ្ជាប់នូវ ទស្សនៈវិជ្ជា «ឲ្យកាន់តែច្រើន ទទួលបានកាន់តែច្រើន» "Giver Gain" នេះគឺជាការជួយគ្នាប្រកបដោយគំនិតសុឆន្ទៈ។
លោកបានគូសបញ្ជាក់ថា សមាជិករបស់ BNI Millionaire Chapter បានសម្រេចចិត្តចងជាប្រពន្ធ័ដើម្បីរិះរកវិធីជួយគ្នា ក្នុងការបង្កើនធុរកិច្ច និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន ក្នុងស្រុកមួយចំនួន។ គួរបញ្ជាក់ថា បណ្តាញធុរកិច្ចអន្តរជាតិ BNI បានបង្កើតឡើងនៅឆ្នាំ១៩៨៥ ហើយមកដល់បច្ចុប្បន្ននេះ មានចំនួនជាង៧ពាន់សាខា (Chapter) នៅក្នុងប្រទេសជាង៦០ ដែលមានសមាជិកកើនឡើងប្រមាណជា ២០០,០០០ នាក់ក្នុងមួយឆ្នាំៗ។
ជារៀងរាល់ឆ្នាំ BNI បានជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅលើពិភពលោក ដើម្បីបង្កើតឲ្យមានឱកាសធុរកិច្ច បើទោះជាស្ថានភាពសេដ្ឋកិច្ច ពុំមានស្ថេរភាពក៏ដោយ តាមរបាយការណ៍ចុងក្រោយ BNI បានធ្វើឱ្យអាជីវកម្មរបស់សមាជិក កើនឡើងពី ២០% ទៅ ១០០%៕