(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនេះដែរ លោក អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ ឬលើកទី២ ក្ដី គឺត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ទើបវ៉ាក់សាំងមាន សុពលភាពខ្ពស់ ហើយជាងនេះទៀត ទោះបីយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
លោកអភិបាលខេត្តបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលចាក់ជូនប្រជាពលរដ្ឋ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដូច្នេះ ហើយប្រជាពលរដ្ឋត្រូវគោរពដឹងគុណចំពោះសម្តេច៕