(សៀមរាប)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះមូលដ្ឋានស្រុកបន្ទាយស្រី តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បាននាំយកនូវទៀនចំណាំវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា សម្រាប់វត្ត និងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ស្របពេលនេះ គឺជារដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិចូលព្រះវស្សា អស់កាលត្រីមាស សម្រាប់ជាចតុប្បច្ច័យភិក្ខុសង្ឃប្រើប្រាស់ ក៏ដូចជា តបទៅនឹងតម្រូវការចាំបាច់ នៃដំណាក់កាលជួបការលំបាកដោយវិបត្តិជំងឺកូវី-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ ហើយបងប្អូនប្រជាពលរដ្ឋត្រូវគោរពតាមសេចក្តីណែនាំ និងវិធានការ៣ការពារ៣កុំរបស់រាជរដ្ឋាភិបាល ពួកគាត់ពុំបានទៅជួបជុំធ្វើបុណ្យទាន ឬពិធីសាសនាផ្សេងៗ ដូចពេលមុនឡើយ ជាហេតុបណ្តាលឱ្យវត្ត និងអាស្រមមួយចំនួនជួបនូវការខ្វះខាតផ្នែកចង្ហាន់និងភេសជ្ជៈ។
លោក ង៉ាន់ ភិរុណ បានលើកឡើងថា សម្ភារ និងទេយ្យវត្ថុទាំងនេះ បានមកពីការចូលរួមរបស់សមាជិកសមាជិកាក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុក ដែលបានបរិច្ចាគធនធានថវិកាសម្រាប់ចំណាយទិញ និងប្រគេនដល់ ព្រះសង្ឃ តាជីដូនជីនៅក្នុងវត្ត និងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី។
នៅកម្ពុជាវិស័យអាណាចក្រ និងពុទ្ធចក្រតែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារ និងអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចំរើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជា សាសនារបស់រដ្ឋ។
លោកអភិបាលរងខេត្ត បានបន្ថែមថា បើទោះបីកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាធំៗ ដូចជា បញ្ហាការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាគ្រោះមហន្តរាយធម្មជាតិនានា ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចឈរក្នុងភាពជាម្ចាស់ការ ដោយខ្លួនឯងបាន ហើយបានកសាងនូវសមិទ្ធផលជាច្រើនពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដែលថ្មីៗនេះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តសៀមរាប បានបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលផ្លូវទាំងនេះកំពុងសាងសង់ហើយគ្រោងនឹងរួចរាល់ជាស្ថាពរ តាមផែនការគ្រោងទុកនៅចុងឆ្នាំ២០២១នេះ។
ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុក លោក ង៉ាន់ ភិរុណ បានថ្លែងអំណរគុណចំពោះសកម្មភាពសប្បុរសធម៌របស់ សមាជិកសមាជិកា នៃក្រុមការងារទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ទោះតិចក្តីច្រើនក្តី ដើម្បីយកមកចែក រំលែកដល់ទីអារាមដើម្បីជួយរំលែកការលំបាក ក្នុងដំណាក់កាលដោយសារជំងឺកូវីដ-១៩កំពុងរីករាលដាលគួរឱ្យបារម្ភ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបង្ហាញពីទឹកចិត្តនិងស្មារតីយកអាសារ ជួយសង្គ្រោះគ្នាទៅតាមលទ្ឋភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អំណោយសម្ភារ និងទេយ្យទាននាពេលនោះ បានប្រគេនសម្រាប់វត្តសិលាចារ្យបន្ទាយស្រីនូវថវិកាចំនួន ១លានរៀល និងបានឧបត្ថម្ភដល់គណកម្មការវត្ត ព្រមទាំងតាជី យាយជី ចំណុះវត្តសិលាចារ្យបន្ទាយស្រីផងដែរ។ ដោយឡែក សម្រាប់វត្ត និងអាស្រមចំនួន២១ទៀត ទទួលបានក្នុងមួយវត្តថវិកា ៤០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុស្មើៗគ្នា។
សរុបរួមសម្ភារ ទេយ្យវត្ថុ និងថវិកា ទាំងអស់រួមមាន៖ ថវិកាចំនួន ៩លាន ៧៩មុឺនរៀល ទៀនចំណាំវស្សាចំនួន ២២គូ .សាដក ១១០កញ្ចប់ មីជាតិ៤៤កេស ត្រីខ៤៤យួរ ទឹកត្រី៤៤យួរ ទឹកស៊ីអ៊ីវ៤៤យួរ ទឹកសុទ្ឋ៤៤កេស ទឹកក្រូច៤៤កេស អង្ករ ១.១០០គ.ក្រ ដំណាប់ស្វាយ ២០០កញ្ចប់ ម៉ាស ១១០០០ម៉ាស់ អង្ករសុខភាព ២០០កញ្ចប់ អាល់កុល៤៤កានស្មើនឹង ១៣២០លីត្រ សរុបជាថវិកាចំណាយទាំងអស់ជាង ៤០លានរៀល។