(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះសិក្សាអំពីការស្ថាបនាផ្លូវលំជនបទ១ខ្សែ មានប្រវែងជាង១៣គីឡូម៉ែត្រ ដែលបានតភ្ជាប់ភូមិចំនួន៣ ដែលមានទីតាំងនៅ ភូមិស្វាយរៀង, ភូមិរំពាត់ និងភូមិតាឡាត ស្ថិតនៅក្នុងឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នាឱកាសនោះដែរ លោក ម៉ុម សារឿន មានស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តំបន់ដាច់ស្រយាល ដែលត្រូវការផ្លូវជាចាំបាច់ក្នុងការធ្វើដំណើរ ដឹកជញ្ចូនកសិផលមកកាន់ទីផ្សារ។
ការចុះពិនិត្យសិក្សាស្ថានភាពជាក់ស្តែង ក្នុងភូមិសាស្ត្រ ដើម្បីស្ថាបនាផ្លូវលំ បានធ្វើឡើងមួយថ្ងៃពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ដោយមានការអមដំណើរដោយលោកស្នងការខេត្ត អភិបាលស្រុកសេសាន មេឃុំ និងប្រធាន អនុប្រធានមន្ទីរ ដែលពាក់ព័ន្ធជាច្រើននាក់។
លោក ម៉ុម សារឿន បានបន្តថា៖ «ការចុះសិក្សាត្រួតពិនិត្យជាក់ស្តែង នៅភូមិសាស្ត្រខាងលើនេះ ដើម្បីស្ថាបនាផ្លូវលំ ១ខ្សែ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ»។
ក្នុងនោះដែរ លោក ម៉ុម សារឿន បានបញ្ជាក់បន្ថែមថា ដើមឡើយភូមិទាំង៣នេះ រួមមាន៖ ភូមិ ស្វាយរៀង ភូមិរំពាត់ និងភូមិ តាឡាត មិនមានផ្លូវសម្រាប់តភ្ជាប់គ្នានោះទេ ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយនេះ ប្រើមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ជំនួសឱ្យការធ្វើដំណើរ ដែលបង្ករភាពលំបាកដល់ប្រជាពលរដ្ឋ។ ពិសេសប្រជាពលរដ្ឋទៅទទួលសេវាសុខាភិបាល និងការដឹកជញ្ជូនកសិផលទៅទីផ្សារជាដើម។
ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ។ ដូច្នេះ មានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស បានធ្វើដំណើរទៅមកសាលារៀននៅថ្ងៃខាងមុខ៕