(ភ្នំពេញ)៖ ប្រធានថ្មីនៃសមាគមសណ្ឋាគារកម្ពុជា (CHA) លោក ឌិន សុមេធារិទ្ធ បានឱ្យដឹងថា សមាគមបាននិងកំពុងស្វះស្វែងរកជំនួយហិរញ្ញវត្ថុ ពីរាជរដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់អាជីវកម្មរបស់សមាជិកខ្លួន ដែលបានរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ខណៈវិស័យសណ្ឋាគារនៅកម្ពុជានៅតែស្ថិត ក្នុងស្ថានភាពលំបាកខ្លាំង ដោយសណ្ឋាគារខ្លះត្រូវបិទដំណើរការ ខ្លះទៀតក៏ទ្រាំបើកទ្វារ ទោះបីត្រូវខាតបង់ច្រើន ហើយខ្លះទៀតក៏សឹងតែក្ស័យធនទៅហើយដែរ។
ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន Fresh News នៅចុងខែកក្កដានេះ លោក ឌិន សុមេធារិទ្ធ បានលើកឡើងថា វិស័យសណ្ឋាគារនៅកម្ពុជា គឺពឹងផ្អែកទាំងស្រុងទៅលើវិស័យអាកាសចរណ៍ ដែលជាមធ្យោបាយនាំភ្ញៀវទេសចរពីបរទេសឱ្យមកទស្សនានៅកម្ពុជា ហើយទទួលយកសេវាកម្មស្នាក់នៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលការហោះហើរត្រូវបានរឹតបន្ដឹងក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ព្រមទាំងតម្រូវឱ្យមានការធ្វើចត្តាឡីស័កជាដើមនោះ បានបង្កឱ្យអាជីវកម្មក្នុងវិស័យសណ្ឋាគារជួបនូវវិបត្តិខាតបង់ផងដែរ។
លោកបានបញ្ជាក់ថា «ចាប់ពីពេលមានបញ្ហាកូវីដ ពីខែកុម្ភៈមកដល់ពេលនេះ វិស័យសណ្ឋាគារគឺនៅតែលំបាក សូម្បីតែនៅក្រៅប្រទេសក៏ជួបបញ្ហាដូចគ្នាដែរ»។
ប្រធានសមាគមសណ្ឋាគាររូបនេះបានឱ្យដឹងទៀតថា របាយការណ៍ចុងក្រោយដែលលោកទទួលបានមកនេះ មានសណ្ឋាគារប្រមាណ ៥០ កន្លែង ត្រូវបានបិទទ្វារជាអចិន្ត្រៃយ៍ ខណៈសណ្ឋាគារខ្លះទៀតបើកដំណើរការតែនៅថ្ងៃចុងសប្ដាហ៍ ដោយពេលខ្លះមានភ្ញៀវតិចតួច ពេលខ្លះទៀតក៏មិនមានភ្ញៀវចូលសម្រាកនោះឡើយ រីឯសណ្ឋាគារខ្លះទៀត មានភោជនីយដ្ឋាននៅជាមួយ ដូច្នេះភាគច្រើនម្ចាស់អាជីវកម្មបិទតែសណ្ឋាគារ ប៉ុន្តែនៅបើកភោជនីយដ្ឋានកំដរៗខ្លះដែរ។
ទោះយ៉ាងណា សណ្ឋាគារធំៗជាច្រើនទៀតនៅរាជធានីភ្នំពេញ និងនៅតាមគោលដៅទេសចរណ៍ធំៗផ្សេងទៀត មិនអាចបិទដំណើរការបានឡើយ នេះក៏ដើម្បីរក្សាពាណិជ្ជនាម ឬ Branding ប៉ុន្តែសណ្ឋាគារទាំងនោះ គឺពិតជាមានការខាតបង់ធំណាស់។ ក្រៅពីនេះ នៅមានសណ្ឋាគារមួយចំនួនបានសហការជាមួយក្រសួងសុខាភិបាល ដើម្បីដាក់ជាមណ្ឌលចត្តាឡីស័កសម្រាប់ទទួលភ្ញៀវដែលធ្វើដំណើរមកដល់ប្រទេសកម្ពុជា «និយាយរួម វិស័យសណ្ឋាគារកំពុងស្ថិតក្នុងស្ថានភាពលំបាកនៅឡើយ» នេះបើតាមការសង្កត់ធ្ងន់របស់លោក ឌិន សុមេធារិទ្ធ។
សមាគមសណ្ឋាគារកម្ពុជាបាននិងកំពុងស្វះស្វែងរកដំណោះស្រាយគ្រប់វិធី ដើម្បីរក្សាភាពរស់រាន និងស្រោចស្រង់អាជីវកម្មក្នុងវិស័យសណ្ឋាគារឡើងវិញ ក្នុងនោះលោកបានលើកឡើងចំណុចដ៏ល្អមួយថា «ថ្មីៗនេះ រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានប្រជុំជាមួយតំណាងដៃគូពាក់ព័ន្ធលើគម្រោងហិរញ្ញវត្ថុមួយ ដែលនឹងបញ្ចេញកញ្ចប់កម្ចីថវិកាជាលើកទី២ សម្រាប់សហគ្រាធនតូច និងមធ្យម (SMEs) ដោយមិនចាំបាច់មានអចលនទ្រព្យបញ្ចាំនោះឡើយ»។
ត្រង់ចំណុចនេះ លោក ឌិន សុមេធារិទ្ធ ចង់បញ្ជាក់ថា «ម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារទាំងអស់ ក៏អាចស្នើសុំកញ្ចប់កម្ចីថវិកានេះយកទៅប្រើប្រាស់ក្នុងការបន្តភាពរស់រាន និងស្រោចស្រង់អាជីវកម្មរបស់ខ្លួនបានដែរ ខណៈកញ្ចប់កម្ចីនេះមានទំហំរហូតដល់ ៣០០,០០០ ដុល្លារឯណោះ ហើយនៅពេលរាជរដ្ឋាភិបាលសម្រេចអនុម័តហើយនោះ សមាគមនឹងផ្សព្វផ្សាយជូនសមាជិករបស់ខ្លួនឱ្យបានដឹង»។ លោកសង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តផ្ដល់ជំនួយឱ្យបានច្រើនទៀតដល់វិស័យសណ្ឋាគារ។
ក្នុងនាមប្រធានថ្មីនៃសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធ បានអំពាវនាវដល់ម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅដទៃទៀត ដែលមិនទាន់បានចូលជាសមាជិកជាមួយសមាគមសណ្ឋាគារកម្ពុជា សូមចូលរួមជាសមាជិកឱ្យបានច្រើន ដើម្បីជួយគ្នាដោះស្រាយបញ្ហានានាក្នុងវិស័យរបស់ខ្លួន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងនៃវិស័យសណ្ឋាគារ និងបន្តភាពរីកចម្រើនតទៅមុខទៀត៕
សូមទស្សនាវីដេអូកិច្ចសម្ភាសជាមួយលោក ឌិន សុមេធារិទ្ធ៖