(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងប្រមាណ ៥លានដូស ដែលប្រើសម្រាប់ចាក់ឱ្យក្មេង និងយុវវ័យ ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ១៧ឆ្នាំនោះ បាន ត្រៀមរួចរាល់ហើយ។ លោកស្រី បានអះអាងថា វ៉ាក់សាំងសម្រាប់ចាក់ឱ្យក្មេង និងយុវវ័យនោះ នឹងមកដល់នៅខែសីហា និងកញ្ញា។
ក្នុងឱកាសអញ្ជើញចុះទទួលវ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ១លានដូស ដែលដឹកមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំង៥លានដូសនេះ នឹងមកដល់ខែសីហា ចំនួន ៣លានដូស និងខែកញ្ញា ចំនួន ២លានដូស។
បើតាមលោកស្រី យក់ សម្បត្តិ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ឱ្យក្មេង និងយុវវ័យនេះ គឺជាការបញ្ជាទិញមកពីប្រទេសចិន។ លោកស្រី បានអះអាងដែរថា វ៉ាក់សាំង ដែលចាក់ឱ្យក្មេង និងយុវវ័យនេះ គឺដូចគ្នានឹងវ៉ាក់សាំងដែលចាក់ឱ្យមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះដែរ។
វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៧លានដូសហើយ។
លោកស្រី យក់ សម្បត្តិ បានអះអាងថា គិតត្រឹមដំណាច់ខែសីហា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូស តាមផែនការសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ប្រមាណ ១០លាននាក់នោះ។
លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកូវ៉ាក់ នឹងផ្តល់វ៉ាក់សាំង «ចនសុនចនសុន (Johnson & Johnson)» ប្រមាណ ១លានដូសផងដែរ។ បើទោះជាយ៉ាងណា គេមិនទាន់បានកំណត់នូវពេលវេលាច្បាស់លាស់នៃការមកដល់វ៉ាក់សាំងនេះនៅឡើយទេ។
លោកស្រី យក់ សម្បត្តិ បានអះអាងថា វ៉ាក់សាំងដែលកម្ពុជាទទួលបាន គឺសម្រេចបានលឿនជាងផែនការគ្រោងទុក។ លោកស្រី បានសាទរចំពោះលទ្ធផលនេះ ដែលជារឿងដ៏ល្អសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រី បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺទទួលបានមកពីការគិតគូរ និងដាក់ចេញនូវផែនការបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេសមានការគាំទ្រយ៉ាងមុតមាំពីរដ្ឋាភិបាលចិន។
លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ដែរថា តាមរយៈវត្តមានវ៉ាក់សាំងដែលកម្ពុជាទទួលបាន នឹងធ្វើឱ្យកម្ពុជាសម្រេចនូវផែនការចាក់ជូនប្រជាពលរដ្ឋបានលឿនជាងផែនការ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ៕