(កំពត)៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមថែរក្សា ទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង សូមកុំប្រថុយប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបង្កឱ្យផ្លូវឆាប់ខូច និងបង្កជាគ្រោះថ្នាក់ ចរាចរណ៍។
លោក ខាន់ ម៉ាណេរ បានសំណូមពរដូចនេះនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំ ស្របតាម បទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។
លោក ខាន់ ម៉ាណេរ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ ឱ្យបានគង់វង្សអាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចឱ្យពលរដ្ឋកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាង ប្រទេសជាតិ មាតុភូមិងឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះដែរបន្ទាប់ពីការពិនិត្យការងារបច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៣ ដោយយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេសសាងសង់រួចមក លោក ខាន់ ម៉ាណេរ ក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់ មុននឹងធ្វើការប្រគល់-ទទួល រវាងក្រសួង និងក្រុមហ៊ុនសាងសង់។
គួររំឮកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤.៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕