(ភ្នំពេញ)៖ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសថ្នាក់ រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន ស្តីពីការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ រយៈពេល១ឆ្នាំ តាមប្រព័ន្ធវីដេអូសន្និសីទ (Video Conference) ដែលរៀបចំដោយក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាល។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ាន បន្ទាប់ពីរយៈពេល១ឆ្នាំ» ដែលមានខ្លឹមសារដូចខាងក្រោម៖
ប្រទេសកម្ពុជាបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យពេញមួយឆ្នាំ២០២០ ដោយមានករណីវិជ្ជមានតិចជាង ៥០០ករណី និងគ្មានអ្នកស្លាប់។ កម្ពុជាពិតជាមានមោទនភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដូចគ្នានឹងប្រទេសជាច្រើនទៀត នៅលើពិភពលោកដែរវីរុសកូវីដ-១៩ ជាពិសេស ប្រភេទបំប្លែងថ្មី កំពុងចរាចរយ៉ាងសកម្មនៅលើពិភពលោក និងនៅក្នុងតំបន់របស់យើង។ វាជាការលំបាកណាស់ ដែលប្រទេសកម្ពុជា អាចជៀសផុតពីការចម្លងវីរុសកូវីដ-១៩បំប្លែងថ្មី ពីអ្នកដំណើរចូលមកប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ Delta ចំនួន៧៥ករណី ត្រូវបានរកឃើញលើអ្នកដំណើរ តាមផ្លូវគោក និងផ្លូវអាកាស និងច្រើនជាង១០០ករណី នៃប្រភេទ Alpha ត្រូវបានរកឃើញក្នុងចំណោមសហគមន៍។
ដើម្បីឆ្លើយតបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ប្រទេសកម្ពុជា បានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រចនាសម្ព័ន្ធកែសម្រួលនេះ រួមមានការចូលរួមពីគ្រប់វិស័យ ក្នុងការគ្រប់គ្រង សម្របសម្រួលឆ្លើយតបនឹងជំងឺកូវីដ១៩ ស្ថិតនៅក្រោមគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។
លើសពីនេះគណៈកម្មការចំនួន៤ បានដើរតួនាទីយ៉ាងសំខាន់ៗ ក្នុងការគាំទ្រការឆ្លើយតបនឹងជំងឺកូវីដ១៩រួមមាន៖
១៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់គ្រងអនុគណៈកម្មការចំណុះចំនួន១០
២៖ គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ១៩
៣៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស
៤៖ ២៥ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជធានី-ខេត្ត។
រចនាសម្ព័នដែលបានធ្វើបច្ចុប្បន្នភាពខាងលើ គឺមានការចូលរួមពីរដ្ឋាភិបាល និងសង្គមទាំងមូលក្នុងការ ខិតខំប្រឹងប្រែងក្នុងដើម្បីបញ្ឈប់ការចម្លងវីរុសកូវីដ-១៩។ មេរៀនជាបទពិសោធន៍អាចឲ្យយើងដាក់ចេញនូវវិធាន ការកាត់បន្ថយហានិភ័យ ដើម្បីធានាបានទាំងសុខភាពសាធារណៈ និងដំណើរការសេដ្ឋកិច្ច រួមមានការគ្រប់គ្រង តាមព្រំដែនយ៉ាងតឹងរឹង ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសបំប្លែងថ្មីប្រភេទ Delta និងប្រភេទផ្សេងទៀត ការប្រើតេស្តយ៉ាងរហ័សជាឧបករណ៍សម្រាប់រកវីរុសកូវីដ-១៩ និងពង្រឹងការអនុវត្ត «វិធានការ 5Es» (ការរកឃើញឱ្យ បានឆាប់ ការដាក់នៅដាច់ដោយឡែកឱ្យបានលឿន ការស្វែងរកអ្នកពាក់ព័ន្ធឱ្យបានរហ័ស ការដាក់ព្យាបាលភ្លាម និងការអប់រំជាមុន)។
ប្រការនេះទាមទារឱ្យមានការដាក់ចេញនូវ «អភិក្រមវិស័យសុខាភិបាលលើសពីការគិតត្រឹម សុខភាព និងការវិនិយោគប្រកបដោយនវានុវត្តភាព» មួយចំនួនសម្រាប់ការវិនិយោគនាអនាគត។ ជាមួយការរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta និង Alpha គួរឱ្យកត់សម្គាល់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញ នូវយុទ្ធសាស្រ្តចំនួន៦គឺ៖
១៖ បន្តទប់ស្កាត់ការនាំចូលវីរុសបំប្លែងថ្មី
២៖ កាត់បន្ថយទំហំដែលឆ្លង និងតំបន់ដែលឆ្លង
៣៖ ខិតខំរកវិធីព្យាបាលឱ្យឆាប់ជា
៤៖ រុករក និងគ្រប់គ្រង
៥៖ ការចាត់ចែងនិងគ្រប់គ្រងសាកសព និង
៦៖ យុទ្ធនាការ ចាក់វ៉ាក់សាំង។
ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ បន្ថែមទៅលើផែនការជាតិ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គោលការណ៍ណែនាំប្រតិបត្តិ សម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ និងពិធីសារ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ផែនការមេសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងផែនការយុទ្ធសាស្រ្ត ស្តីពីយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រេចបានភាពស៊ាំសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
អនុលោមទៅតាមយុទ្ធសាស្រ្តផ្ការីករបស់ សម្តេចតេជោ ហ៊ុន សែន យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងគោលដៅសម្រេចឱ្យបានការចាក់វ៉ាក់សាំង ជូនប្រជាជនចំនួន ១០លាននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅត្រឹមខែមិថុនា ឆ្នាំ២០២២។ ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន យើងសង្ឃឹមថាការចាក់ វ៉ាក់សាំងជូនប្រជាជនគោលដៅ ចំនួន១០លាននាក់នឹងសម្រេចផែនការ ក្នុងអំឡុង ៧ ទៅ ៨ខែ មុនពេលវេលា កំណត់នៅក្នុងផែនការមេ។
ក្រុមអាទិភាពទី១ ដែលត្រូវបានទទួលការចាក់វ៉ាក់សាំង គឺមន្រ្តីបុគ្គលិកសុខាភិបាល ជួរមុខ អាជ្ញាធរមូលដ្នាន មនុស្សចាស់ និងក្រុមជនងាយរងគ្រោះផ្សេងទៀត ព្រមទាំងជនបរទេសដែលរស់នៅ ក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃនេះ ដោយការខិតខំរួមផ្សំនឹងការចូលរួមកម្លាំងសរុបរបស់រាជរដ្ឋាភិបាល មន្រ្តី សុខាភិបាល គ្រូពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យកងទ័ព ព្រមទាំងអាជ្ញាធរមូលដ្នាន ក្រុមប្រជាជនគោលដៅប្រមាណ ៦៥% នៃ ១០លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១ដូស។
ទោះបីជាមានការខិតខំប្រឹងប្រែង និងការសម្រេចបានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចម្លង នៃវីរុសបំប្លែងថ្មី តែយើងកំពុងដកពិសោធន៍ពីលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ស្តីពីវ៉ាក់សាំង និងវីរុស ដើម្បីធ្វើបច្ចុប្បន្នភាពវិធានការរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព និងពិចារណាតើគួរមានការចាក់ដូសទី៣ ឬការចាក់វ៉ាក់សាំងរំលឹកដែរឬទេ ហើយថាតើយើងគួរតែចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមអាយុក្រោម ១៨ឆ្នាំ ដែរឬទេ? សំណួរមួយទៀតចាំបាច់ត្រូវឆ្លើយយ៉ាងឆាប់រហ័សគឺថាតើវីរុសបំប្លែងថ្មី អាចបំបែកភាពស៊ាំ ដែលអាច កាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបានដែរឬទេ? ចំណុចទាំងនេះនៅតែជាសំណួរ ដែលយើងត្រូវរៀនសូត្រ ចែករំលែក និងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្រោមស្មារតីអាស៊ាន។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងថា «យើងសង្ឃឹមថាអង្គការសុខភាពពិភពលោក អាចជួយឆ្លើយសំណួរទាំងនេះ ហើយនឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសសមាជិកអាស៊ាន ក្នុង ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។គោលបំណងរួមរបស់យើងគឺការបញ្ចប់ជំងឺរាតត្បាតជាសកលនេះ។ ដូច្នេះត្រូវតែមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ»។
កម្ពុជានឹងបន្តសហការជាមួយបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់ អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីការងើបឡើងវិញនៃ សង្គម-សេដ្ឋកិច្ចប្រទេសជាតិ និងដើម្បីអនាគតកាន់តែប្រសើរ ឈានទៅសម្រេចតំបន់អាស៊ានប្រកបដោយសុខភាព និងសុវត្ថិភាពបំផុតក៏ដូចជាពិភពលោក។
លោកសាស្ដ្រាចារ្យ បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់យើងទាំងអស់គ្នា អាស៊ាននឹងអាចជំនះបានវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច»។ ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ តួនាទីភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងការឆ្លើយតបជាសកលចំពោះជំងឺកូវីដ-១៩៕