(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ៥០០ កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ បន្ថែមទៀត រួមមានមណ្ឌលសុខភាពសាមគ្គី មណ្ឌលសុខភាពទួលគោក មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យបង្អែក ឃ្មួញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩។
នេះគឺជាផ្នែកមួយនៃគម្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០ កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពសរុបចំនួន ២០ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស ផ្តល់តម្លៃខ្ពស់ទៅលើទឹកចិត្តដ៏មោះមុតរបស់ក្រុមគ្រូពេទ្យក្នុងការបំពេញបេសកកម្មដ៏លំបាកនេះ ដូច្នេះហើយការឧបត្ថម្ភនាពេលនេះជាការលើកទឹកចិត្តមួយដល់ក្រុមគ្រូពេទ្យបន្តតស៊ូទៅមុខទៀត ដើម្បីជំនះនឹងស្ថានភាពពេលនេះ»។
គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេសដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគជាហូរហែបន្ថែមទៀត នាពេលខាងមុខ៕