(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា កំលាំងអង្គភាពស៉ីម៉ាក់ ក៏មិនខុសប្លែកពីកំលាំងជួរមុខដទៃទៀតដែរ ក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន បានប្រឈមមុខការឆ្លងវីរុសកូវីដ១៩ ជាក់ស្តែងគិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រីចំនួន៩នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់ ភ្នំពេញចំនួន២នាក់ និងនៅទិសខេត្តព្រះវិហារចំនួន៥នាក់ (នៅក្នុងសហគមន៍ស្រអែម)។
លោកបន្តថា អង្គភាពស៉ីម៉ាក់បានចាត់ចែងឱ្យមានក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលមានភារកិច្ចគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាកូវីដពាក់ពន្ធ័មន្ត្រី ក្នុងអង្គភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងបានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្របំរុងទុកជាមុន ក្នុងការទប់ទល់នឹងករណីមានការឆ្លងកូវីដ ចូលកំលាំងរបស់ខ្លួន ដោយធ្វើយ៉ាងណារក្សាឱ្យបាននិរន្តភាពប្រតិបត្តិការ របស់ខ្លួនជាប្រក្រតី បើទោះបីជាមានកំលាំងខ្លះរងផលប៉ះពាល់ក៏ដោយ ។
យុទ្ធសាស្ត្រទាំងនោះរួមមាន ការបំបែកកំលាំងប្រតិបតិ្តតូចៗ ស្ថិតនៅភូមិសាស្ត្រដាច់ៗពីគ្នា បែងចែកវេនប្រតិបតិ្តការ កាត់បន្ថយការចល័តកំលាំង យន្តការត្រួតពិនិត្យកំលាំង តាមប្រពន្ធ័អេឡិចត្រូនិច ..., ករណីមានការសង្ស័យចាត់វិធានការតេស្តរហ័សកំលាំងទាំងអស់ ដែលពាក់ពន្ធ័ ញែកកំលាំងឱ្យរស់នៅដាច់ពីគ្នាជាដើម។ ល។ យុទ្ធសាស្ត្រទាំងនេះលំបាក ប៉ុន្តែត្រូវតែរៀនរស់នៅ និងប្រតិបត្តិការក្រោមការគំរាមកំហែងដោយកូវីដនេះ ជាពិសេសយកវិធាន៣ការពារ និង៣កុំជាឆ្អឹងខ្នងនៃអនុវត្តយុទ្ធវិធីក្នុងទប់ទល់កូវីដនេះ។
លោកអគ្គនាយកបន្តថា ទោះបីជាមានការឆ្លងកូវីដក៏ដោយ ក៏បញ្ហាសុខភាពមន្ត្រីទាំង៩រូប គ្មានបញ្ហាឡើយ ដោយបានជាសះស្បើយ និងឆ្លងកំរិតស្រាល ។
ជាមួយគ្នានេះ លោកបានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសំរាប់មន្ត្រីជួរមុខស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព និងជួយការពារអាយុជីវិតមន្ត្រីទាំងអស់ពីឈឺធ្ងន់ធ្ងរ។
លោកបញ្ជាក់ទៀតថា មន្ត្រីដែលឆ្លងជំងឺកូវីដទាំងអស់ ក៏បានទទួលរបបឧបត្ថម្ភ ជាអំណោយរបស់សម្តេចតេជោ រួមមានអង្ករមួយបាវ៥០គីឡូក្រាម មី ត្រីខ និងថវិកា ៤០ម៉ឺនរៀល ព្រមទាំងរាជអំណោយព្រះមហាក្សត្រមានអង្ករ៥០គីឡូក្រាម មី ត្រី ខ ឃីតមួយកញ្ចប់និងថវិកាចំនួន២០ម៉ឺនផងដែរ សំរាប់ជាជំនួយទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូន។ ទន្ទឹងនឹងនេះ អង្គភាពបានរក្សានូវរាល់របបឧបត្ថម្ភប្រចាំខែទាំងអស់ជាធម្មតា ជូនបងប្អូនក្នុងកំឡុងពេលសំរាកព្យាបាល និងចត្តាឡីសក្ត័៕