(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួនលោក កែវ មុនីរតន៍ ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី ដោយធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ស៊ីធី អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
យោងតាមសមត្ថកិច្ច បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅតុលាការដាក់ពន្ធនាគារចំនួន២លើករួចមកហើយ សរុបលើកនេះគឺ៣ដងហើយ ពាក់ព័ន្ធករណីដដែលៗ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតីផងដែរនោះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ម្ដងរួចទៅហើយ។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ជីប ចណ្ណារិទ្ធិ មេធាវីការពារសិទ្ធិឲ្យម្ចាស់ដី និងជាជនរងគ្រោះឈ្មោះ ជៃ ហូមីង ជនជាតិចិន ក៏បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាច ឲ្យទប់ស្កាត់សកម្មភាព សាងសង់សំណង់ខុសច្បាប់របស់ បុរី អ៊េមឺរ៉លដ៏ស៊ីធី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូ ម៉ែត្រ លេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលផងដែរ៕