(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានឧបត្ថម្ភឱសថបុរាណចិនលៀនហ័រ ឈាងវិន ចំនួន២៥កេស ស្មើនឹង១០,០០០ប្រអប់ ដល់រដ្ឋបាលខេត្តកណ្តាល។
ស្ថិតនៅក្នុងឱកាសប្រគល់ និងទទួលនេះដែរ លោកអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរដល់លោកអភិបាលខេត្ត និងក្រុមមន្ត្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូប្រឹងប្រែងយ៉ាងស្វាហាប់ក្នុងការទប់ ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានឧបត្ថម្ភថ្នាំបុរាណចិន សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជន។
គួរជម្រាបថា ដូចសព្វមួយដងដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់កាលៈទេសៈក្នុងការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងធនធានផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត។ កាយវិការដ៏ប្រពៃជាទីគោរពដ៏ខ្ពង់ខ្ពស់នេះ បានបង្ហាញអំពីសមានចិត្តដ៏មហាសប្បុរស ក្នុងការជួយគាំទ្រ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួម និងពង្រឹងការអនុវត្តនូវរាល់បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ននានា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កាយវិការដ៏មហាសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្តជារៀងរហូត។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល នូវអង្ករចំនួន ១០០តោន ទឹកសុទ្ធចំនួន ២,០០០កេស មីជាតិ ៦,០០០កេស, ត្រីខកំប៉ុង ៣,២៥០យួរ ទឹកត្រី ៧,៧៥៩យួរ, ទឹកស៊ីអ៊ីវចំនួន ២,០០០យួរ, ម៉ាស ១០,០០០បន្ទះ, សាប៊ូលាងដៃ ៥,០០០ដប ឱសថបុរាណចិនលៀនហ័រគីងវិន ចំនួន១៦,០០០ប្រអប់ និងថវិកាចំនួន ២០០,០០០,០០០រៀល៕