(ភ្នំពេញ)៖ អតីតសិស្សបាក់ឌុបវិទ្យាល័យទួលទំពូងនាឆ្នាំ១៩៨៩ បានរួមគ្នាឧបត្ថម្ភឧបករណ៍បង្រៀនពីចម្ងាយចំនួន២កំប្លេ ជូនដល់វិទ្យាល័យដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ នាដំណាក់កាលកូវីដ១៩។ ប្រព័ន្ធបង្រៀនពីចម្ងាយនេះ រួមមាន៖ កុំព្យូទ័រយួរដៃជំនួន២គ្រឿង និងកាំមេរ៉ាថតវីដេអូចំនួន ២គ្រឿង ព្រមទាំងជួសជុល លាបថ្នាំបន្ទប់ បំពាក់ម៉ាស៊ីនត្រជាក់ ដាក់វ៉ាំងនន រៀបចំប្រព័ន្ធភ្លើងបំភ្លឺ កង្ហារ និងការងាររណបមួយចំនួនទៀតដែលតម្លៃ ៨,៨៧៣ដុល្លារ។
ពិធីប្រគល់ និងទទួលប្រព័ន្ធបង្រៀនពីចម្ងាយ ព្រមទាំងជួបសំណេះសំណាល និងជួយឧបត្ថម្ភជាថវិកា និងរបស់របរមួយចំនួនទៀតជូនអតីតលោកគ្រូ អ្នកគ្រូ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ។ ពិធីនេះ ត្រូវបានរៀបចំដោយអនុវត្តតាមវិធានការសុខាភិបាល និងការណែរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង៣ការពារ» និងការធ្វើតេស្តរហ័ស (Rapid Test) បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយបញ្ចប់កម្មវិធីលោក យឹម វិសិដ្ឋ តំណាងឱ្យអតីតសិស្សជំនាន់១៩៨៩ និងបច្ចុប្បន្នជាប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អតីតសិស្សសាលាទាំងអស់ មានសេចក្តីរីករាយ យ៉ាងខ្លាំង ដែលបានមកជួបលោកគ្រូ-អ្នកគ្រូ ប្រកបដោយស្នាមញញឹមប្រកបដោយក្តីរីករាយ និងភាតរភាព។ ដោយមានឆន្ទៈក្នុងការចង់ចេះចង់ដឹង និងដោយមានការខិតខំប្រឹងប្រែងអប់រំណែនាំ និងបង្រៀនពីសំណាក់អតីតលោកគ្រូ អ្នកគ្រូ បានធ្វើឱ្យសិស្សទាំងអស់ បានទទួលជោគជ័យរហូតដល់ពេលបច្ចុប្បន្ននេះ។
អតីតសិស្សសាលានាឆ្នាំ១៩៨៩ រហូតប្រែក្លាយជាប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា លោក និងក្រុមអតីតសិស្សសាលានាឆ្នាំ១៩៨៩ មានថ្ងៃនេះ មិនអាចកាត់ផ្តាច់ចេញពីគុណបំណាត់ដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយគម្រោងនេះ «ជាគម្រោងជួយឧបត្ថម្ភលើកទី១ ដែលក្រុមមអតីតសិស្សជំនាន់១៩៨៩ បានធ្វើហើយប្រាកដណាស់ថានឹងមានគម្រោងបន្តបន្ទាប់ទៀត។
ក្រុមអតីតសិស្សសាលារៀនទួលទំពូង១៩៨៩ បង្កើតឡើងមកគឺមានគោលដៅច្បាស់លាស់រួមមាន៖
*ទី១៖ ជួយមើលសុខទុក្ខរបស់អតីតគ្រូបង្រៀន ដែលបច្ចុប្បន្ននេះ ពួកគាត់បានចូលនិវត្តន៍ មានជំងឺ និងចាស់ជរា ដូច្នេះអ្វីដែលសំខាន់គឺក្នុងនាមយើងជាអតីតសិស្សត្រូវមើលសុខទុក្ខរបស់គាត់ថា តើយើងអាចជួយឧបត្ថម្ភដល់ ពួកគាត់បានកម្រិតណាទាំង នៅក្នុងពេលបុណ្យប្រពៃណីជាតិទាំងពេលដែលគាត់មានជំងឺឈឺស្កាត់ អញ្ចឹងយើងអាចជួយគាត់ទៅតាមលទ្ធភាព។
*ទី២៖ យើងជួយឧបត្ថម្ភសាលា ឥឡូវយើងបានចេញដំណើរពីការជួយឧបត្ថម្ភប្រព័ន្ធបង្រៀនពីចម្ងាយ ២កំប្លេនេះ ជាទិសដៅបន្តទៀត គឺបន្តចូលរួមមើលលើអ្វីបន្ថែមទៀត ដែលជាតម្រូវការរបស់សាលា ដោយពិនិត្យថាចាំបាច់ ព្រមទាំងលទ្ធភាពមានក្រុមអតីតសិស្ស១៩៨៩ នឹងវៃអង្គាសថវិកា»។
ជាមួយគ្នានេះ លោកបានចាត់ទុកថា គុណរបស់លោកគ្រូ អ្នកគ្រូ ប្រៀបដូចជាឪពុកម្ដាយទី២ ដែលមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះផ្ដើមចេញពីសាលា និងលោកគ្រូ អ្នកគ្រូ បានធ្វើឱ្យក្រុមសិស្សវិទ្យាល័យទួលទំពូងជំនាន់ឆ្នាំ១៩៨៩ រៀបពិធីជួបជុំគ្នាសម្ដែងការដឹងគុណចំពោះលោកគ្រូអ្នកគ្រូ និងការរៃអង្គាសថវិកា និងប្រគល់ប្រព័ន្ធសិក្សាពីចម្ងាយនាពេលនេះដល់សាលារៀន។ ម្យ៉ាងទៀតសកម្មភាពនេះ ក៏ជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សជំនាន់ ក្រោយយកតម្រាប់តាមផងដែរ។
តំណាងអតីតសិស្សរូបនេះ បានគូសបញ្ជាក់ថា៖ «ដោយសារតែសម័យនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងតែប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះដោយសារតែពួកយើងមានគម្រោងផែនការ ចង់ជួយសាលាអញ្ចឹងយើងបានពិភាក្សាក្នុងក្រុមរបស់យើងទាំងគ្នា រួមទាំងពិភាក្សាជាមួយអតីតលោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍រួមទាំងនាយកសាលា ហើយគាត់ក៏បានស្នើសុំថា ជាការចាំបាច់ប្រព័ន្ធបង្រៀនពីចម្ងាយនេះ....! ជាការចាំបាច់ត្រូវការប្រព័ន្ធបង្រៀនពីចម្ងាយនេះ ដែលមានកុំព្យូទ័រ កាំមេរ៉ា...!»។
លោកបានឱ្យដឹងថា បើតាមលោកនាយកសាលា បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធបង្រៀនពីចម្ងាយចំនួន២កំប្លេរនេះ គឺអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្រៀនសិស្សតាមប្រព័ន្ធបច្ចេកវិទ្យានាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩នេះ ប៉ុន្តែ អ្វីដែលចាំបាច់បំផុតនោះ គឺសម្រាប់បង្រៀនសិស្សថ្នាក់ទី០៩ ដែលត្រូវប្រឡងឌីប្លូម និងសិស្សថ្នាក់ទី១២ ត្រូវប្រឡងបាក់ឌុប។ តាងនាមឱ្យអតីតសិស្សជំនាន់១៩៨៩ លោក យឹម វិសិដ្ឋ បានបន្ថែមថា លោកមានមោទនភាពខ្លាំងណាស់ចំពោះអ្វីដែលក្រុមអតីតសិស្សបានជួយដល់សាលារៀនដែលធ្លាប់ចំណេះដឹងដល់ពួកគាត់ សម្រាប់ប្រើប្រាស់ចំទិសដៅ។
លោក យឹម វិសិដ្ឋ បានគូសបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះទោះបីជាមានឧបសគ្គ ដោយសារវិវបត្តិជំងឺក្តី ប៉ុន្តែ បានផ្តល់ឱកាសដល់ក្រុមអតីតសិស្សសម្ដែងនូវការតបស្នង ចំពោះគុណូបការៈ លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនមិត្តគ្រប់ជំនាន់ឱ្យក្លាយជាពលរដ្ឋ ជាឪពុកម្តាយល្អ ពិសេសមានចំណេះដឹងជាមូលដ្ឋានគ្រឹះ ឈោងទៅចាប់យកជំនាញ វិជ្ជាជីវៈ ដើម្បីមានចំណេះដឹងគ្រប់គ្រាន់ធ្វើការងារបម្រើជាតិមាតុភូមិ។ បើទោះបីជាបែកពីលោកគ្រូ អ្នកគ្រូ និងមិត្តភត្តិរួមជំនាន់ ដើម្បីទៅបំពេញការងាររៀងៗខ្លួន ដូច្នេះក្រុមអតីតសិស្សានុសិស្សទាំងអស់ មិនអាចបំភ្លេចការនឹករលឹកគ្នា និងគុណបំណាច់របស់លោកគ្រូអ្នកគ្រូបានឡើយ។
ដោយឡែកអ្នកគ្រូ នុត សុម៉ាលីន អតីតគ្រូបង្រៀនមុខវិជ្ជាជីវៈវិទ្យា បង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះអតីតសិស្សជំនាន់១៩៨៩ ដែលបានរៀបចំផ្តួចផ្តើមឧបត្ថម្ភប្រព័ន្ធសិក្សាពីចម្ងាយចំនួន២កំប្លេ ជូនដល់វិទ្យាល័យទួលទំពូង និងបានជួយឧបត្ថម្ភថវិកា មួយចំនួនដល់អតីតលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍នាពេលនេះ
អតីតអ្នកគ្រូរូបនេះ បានវាយតម្លៃថា ទឹកចិត្តរបស់ក្រុមអតីតសិស្សជំនាន់១៩៨៩ នេះ គឺបានបង្កើតឱ្យមានជាគោលប្លង់ធំៗ ដើម្បីជួយអភិឌ្ឍន៍សាលារៀនឱ្យកាន់តែល្អឡើងៗ។ ខណៈសម្រាប់ឧបករណ៍បង្រៀនពីចម្ងាយនេះ គឺបានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់សាលារៀន ព្រមទាំងផ្តល់ឱកាសងាយស្រួលដល់សិស្សានុសិស្សដែលត្រូវត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) ជាដើម។ល។
លោកគ្រូ ងួន ចាន់រិទ្ធី អតីតគ្រូបង្រៀនភាសាខ្មែរ បានលើកឡើង និងបានគាំទ្រនូវផ្នត់គំនិតអតីតសិស្សជំនាន់១៩៨៩ និងអតីតគ្រប់ជំនាន់ដែលបានពួតដៃគ្នាចូលរួមបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ដើម្បីសាលារៀន អតីតគ្រូយើង និងបង្ហាញពីសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីសង្គមសាមគ្គីភាពគ្នា ក៏ដូចជាចូលរួមអភិវឌ្ឍសាលារបស់យើង ដើម្បីជាពន្លឺបំភ្លឺទៅរកភាពរុងរឿង៕