(បន្ទាយមានជ័យ)៖ រថយន្តដឹកដីជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាពរកស៊ី នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋជា ច្រើនគ្រួសារ រស់នៅតំបន់នោះ ស្នើឲ្យអាជ្ញាធរចុះមកដោះស្រាយ និងមានដំណោះស្រាយពីព្រោះពួកគេ មានការព្រួយបារម្ភលើការប៉ះពាល់ដល់សុខភាព និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺស្ថិតនៅភូមិកងវ៉ា និងភូមិទួលពង្រ សង្កាត់កំពង់ស្វាយ ដែលពួកគាត់ភ័យខ្លាំងនោះ គឺសុវត្ថិភាពកូនៗរបស់ពួកគាត់ផងដែរ។
ស្ត្រីម្នាក់រស់នៅតំបន់ខាងលើនេះ បាននិយាយថា «សព្វថ្ងៃនេះបើខ្ញុំមានលុយដូចអស់លោកដឹកដី ឬអ្នកមានអំណាចជីកដីភ្នំ រណ្ដៅដីជ្រៅនោះ ខ្ញុំនាំប្តី ប្រពន្ធ និងកូនចៅពួកខ្ញុំ ទៅរស់នៅកន្លែងឆ្ងាយ ឲ្យផុតពីកន្លែងហុយដី ថ្លង់ ព្រួយបារម្ភ សុខភាពឲ្យ ឆ្ងាយបាត់ហើយ បើមួយថ្ងៃៗ មានឡានដឹកអាចម៌ដី រាប់សិបគ្រឿងឯណោះ ចេញចូល បើកបរគ្មានគោរពច្បាប់ គ្មានយោគយល់សោះ ខ្លះឃើញមានក្មេងដើរក្បែរថ្នល់វិញនោះ គឺអស់លោកតៃកុងបើកលឿន រកបុកសម្លាប់ចោល ជួនកាលចុះមកស្តីបន្ទោសថែមទៀត ជាពិសេសនោះមាន់ ទា គោ ជ្រូក ត្រូវបានឡានទាំងនោះ កិនស្លាប់ចង់អស់ហើយ ដូច្នេះយើងសង្ឃឹមថា អភិបាលខេត្ត មន្ត្រីរាជការជួយដោះស្រាយបញ្ហាទាំងអស់នោះផង»។
មន្រ្តីអាជ្ញាធរមូលដ្ឋាន បានលួចបង្ហើបថា ទីតាំងជីកអាចម៌ដីនោះ មានចំនួន៤ក្រុមហ៊ុន ទី១ក្រុមហ៊ុន ភ្លន់ ហុង (លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា ជាមេបញ្ជាការសឹងរងខេត្ត) ទី២ ក្រុមហ៊ុន ឡាច ហុក ទី៣ ក្រុមហ៊ុនញាំ សាវន និងទី៤ ក្រុមហ៊ុន ទុយ វីន និងជាឈ្មួញអ្នកស៊ីឈើប្រណិតផងដែរ។
ពាក់ព័ន្ធបញ្ហាទាំងអស់ខាងលើនេះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា លោកទទួលស្គាល់ថាមានចំនួន៤ក្រុមហ៊ុន និងមានក្រុមហ៊ុនមួយចំនួន មិនទាន់មានអាជ្ញាប័ណ្ណ និងកំពុងរត់ការទៅសាលាខេត្តផងដែរ ហើយខាងមន្ទីរយើងក៏ព្រមាន និងបញ្ឈប់ផងដែរ ព្រមទាំងបានណែនាំអប់រំ ដល់តៃកុងរថយន្តឲ្យបើកបរយឺតៗ។ ដោយឡែក លោក វ៉ៃ កេងលី អភិបាលរងក្រុងសេរីសោភ័ណ បានឆ្លើយថា បញ្ហាខាងលើនេះ កន្លងមកអាជ្ញាធរក្រុងយើង បានកោះហៅក្រុមហ៊ុនរួចមកហើយ តែបើប្រជាជនចង់បានរបៀបណាទៀតនោះ យើងនឹងហៅក្រុមហ៊ុនទាំងអស់នោះ មកធ្វើជាលាយល័ក្ខអក្សរបន្ថែមទៀត៕