(ត្បូងឃ្មុំ)៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រីឡាក់ អេងវន ស៊ាកឡេង និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទានមួយចំនួនធំ និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ រៀងរាល់ឆ្នាំ នៅវត្តចង្វាបុប្ផារាម អូរាំងឪ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនេះដែរ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់ប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នេះតែម្តង។

លោកអភិបាលខេត្ត បានបន្តថា ទៀនព្រះវស្សា រួមទាំងទេយ្យវត្ថុ និងទេយ្យទាន ដែលនាំមកប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមដោយទឹកចិត្តសទ្ធាជ្រះថ្លា ដើម្បីជួយទ្រទង់ដល់វត្ត ព្រោះជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្ជូន តាមពុទ្ធឱវាទ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោកបណ្ឌិតក៏អំពាវនាវ សូមឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩ អនុវត្តបានតាមវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ នៅរដូវវស្សានេះផងដែរ។

សូមជម្រាបថា វត្តចង្វាបុប្ផារាម អូររាំងឪនេះ មានព្រះសង្ឃ និងសមាណេ ជាច្រើនអង្គ បានបួសរៀន ហើយលោក ស៊ាក ឡេង និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាននាំយកទៅប្រគេនវត្ត រួមមាន៖ ទៀនព្រះវស្សា០១គូរ, ស្លាដក១០ , អង្ករ ២០ការ៉ុង (២៥គីឡូក្រាម), មី១៥កេសតូច, ត្រីខ០១កេសធំ, ទឹកត្រី ០៥យួរ, ទឹកស៊ីអ៉ីវ ០៥យួរ, ប្រេងឆា ១០លីត្រ, ទឹកដោះគោឆៅ៣ កេស, ទឹកបាកាស ០៥កេស, ទឹកសុទ្ធ ២០ កេស, តែ, ស្ករស, អំបិល និងសុីម៉ងត៍ ២០តោន សម្រាប់កសាងវត្តជាបន្ត ព្រមទាំងបច្ច័យ ៤លាន ៥០ម៉ឺនរៀលផងដែរ៕