(កំពង់ឆ្នាំង)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមគ្រាប់ចាស់ៗចំនួន១៦គ្រាប់ ត្រូវបានកម្លាំងស៊ីម៉ាក់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចុះប្រមូលយកមកធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលយកមកដុតកម្ទេចចោ លខាងលើនេះ.គឺជាគ្រាប់ចាស់ៗ ដែលសល់ពីសម័យសង្គ្រាម នៅរាយប៉ាយតាមស្រែចំការ ភូមិឋានរបស់ប្រជាព លរដ្ឋមានដូចជា គ្រាប់៨២ មីលីម៉ែត្រ ចំនួន២គ្រាប់ គ្រាប់ M៧៩ មីលីម៉ែត្រ ចំនួន៤គ្រាប់ គ្រាប់៦០ មីលីម៉ែត្រ ចំនួន៦គ្រាប់ គ្រាប់១០៥ មីលីម៉េត្រ ចំនួន១គ្រាប់ និងគ្រាប់១០៧ មីលីម៉ែត្រ ចំនួន៣គ្រាប់។
សមត្ថកិច្ចបានឱ្យដឹងទៀតថា យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅតាមដីភូមិ ស្រែចំការ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពួកគាត់បានរាយការណ៍មកសមត្ថកិច្ច និងមន្ត្រីស៊ីម៉ាក់ សហការចុះប្រមូលយកមកដុតកម្ទេចចោល ដើម្បីជៀសវាងក្រែងមានគ្រោះថ្នាក់ដោយប្រការណាមួយដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ មន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ បើបានប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទោះបីជានៅកន្លែងណាក៏ដោយសូមកុំធ្វើការប៉ះពាល់ឱ្យសោះចៀសវាងគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុ បណ្ដាលមកពីគ្រាប់មិនទាន់ផ្ទុះ។ គឺត្រូវរាយការណ៍បន្ទាន់មកមន្ត្រីនគរបាលមូលដ្ឋាន ដើម្បីសហការជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ ចុះទៅប្រមូលយកមកដុតកម្ទេចចោល៕