(សៀមរាប)៖ មណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក នៅខេត្តសៀមរាប បានបើកឱ្យដំណើរការហើយនៅ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។ ជាមួយនឹងការបើកសម្ពោធនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ប្រជាពលរដ្ឋទៅទទួលយកសេវាដោយខ្លួនឯង កុំពឹងលើអ្នករត់ការក្រៅ ដែលនាំឱ្យខាតបង់ថវិកាអស់ច្រើន។
ពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈនេះ បានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងមានអ្នកពាក់ព័ន្ធចូលមមួយចំនួនផងដែរ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ហេរីថេក វ៉ក ឋិតនៅអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈកាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ប្រជាពលរដ្ឋអាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឱ្យដំណើរការនេះតទៅ ហើយប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប ហេរីថេក វ៉ក នេះ មានផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) និងបើកដំណើរការជូនប្រជាពលរដ្ឋរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដើម្បីត្រៀមផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព។
ជាមួយគ្នានោះលោក ទៀ សីហា ក៏បានលើកឡើងដែរថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួនមកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួន ទៅជាការស្នើសុំតាមរយៈ ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (Online) ផងដែរ ដែលនេះជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត សៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ។
លោក ទៀ សីហា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក និងអង្គភាព ច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើសេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែលឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់ពេលនេះបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ បានចំនួន ៥ទីតាំងហើយ រួមមាន៖ មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន១ បើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ប្រភេទសេវា៖ ប្ដូរ និងពន្យាបណ្ណបើកបរយានយន្ត (ជនជាតិខ្មែរ), មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន២ បើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ប្រភេទសេវា ប្ដូរ និងពន្យាបណ្ឌបើកបរយានយន្ត (ជនជាតិខ្មែរ និងបរទេស), មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល បើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រភេទសេវា៖ ចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានជំនិះ និងផ្ដល់បណ្ណបើកបរយានយន្ត (ខ្មែរ និងបរទេស)
មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្រភេទសេវា៖ ចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានជំនិះ, ប្ដូរបណ្ណបើកបរយានយន្ត (ខ្មែរ និងបរទេស), ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) , អាជីវកម្មដឹកជញ្ជូន, អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ និងមណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក ដំណើរការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ប្រភេទសេវា៖ ចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត (ខ្មែរ និងបរទេស), ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)៕