(សៀមរាប )៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការ មិនមានសិទ្ធិឯណាធ្វេីតាមសំណូមពររបស់ពលរដ្ឋ ដែលបានសុំដឹកលេីសទម្ងន់ ដោយមិនឱ្យឃាត់ទុកមួយឆ្នាំបានឡេីយ ព្រោះច្បាប់នៃការចាប់ឃាត់រថយន្តដឹកលេីសទម្ងន់នេះ មានការឯកភាពពីគណៈរដ្ឋមន្ត្រី ដែលបញ្ជូនទៅសភាអនុម័ត បញ្ជូនទៅព្រឹទ្ធសភា ឡាយព្រះហស្តលេខា ឱ្យប្រេីប្រាស់ដោយព្រះមហាក្សត្រ ។
លោកទេសរដ្ឋមន្ត្រី បានលេីកឡេីងដូចនេះនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងមានអ្នកពាក់ព័ន្ធចូលរួមមួយចំនួនទៀត។
ទាក់នងនឹងមានកាតវ៉ា ពីប្រជាពលរដ្ឋប្រជាពលរដ្ឋដែលតវ៉ារឿងសុំតម្លេីងទម្ងន់ក្នុងការដឹកជញ្ជូនសម្រាប់រថយន្តធុនធ្ងន់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា « មន្ត្រីនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាណែនាំពន្យល់ ក្រែងអ្នកបេីកបរ មិនយល់អំពីច្បាប់ ដឹកដល់២០តោន តាមច្បាប់ដឹកលេីស ២០% ត្រូវផាកពិន័យ និងឃាត់ឡានទុកមួយឆ្នាំ ដូចនេះខ្ញុំអត់មានសិទ្ធិទេ ស៊ុន ចាន់ថុល អត់មានសិទ្ធិរំលោភច្បាប់ទេ បេីដឹក២៥តោន លេីស២០%បាត់ ចឹងខ្ញុំមានសិទ្ធិឯណា ច្បាប់មានការឯកភាពពីគណៈរដ្ឋមន្ត្រី ដែលបញ្ជូនទៅសភាអនុម័ត បញ្ជូនទៅព្រឹទ្ធសភា ឡាយព្រហស្ថលេខា ឱ្យប្រេីប្រាស់ដោយព្រះមហាក្សត្រ តេីខ្ញុំមានសិទ្ធឯណាទៅផ្តល់ជូនបាន»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀត បេីអាចផ្តល់ជូនប្រជាពលរដ្ឋ ឱ្យដឹកទំនិញបាន លុះណាតែថ្ងៃក្រោយមានការធ្វេីវិសោធនកម្ម ដោយច្បាប់ មានការប្តូរថាអាចដឹកលេីសទម្ងន់បាន តែមកដល់ពេលនេះ ម៉ោងនេះ ច្បាប់នៅមានជាធរមាន ដូចនេះបេីដឹកលេីស២០% ត្រូវផាកពិន័យ និងឃាត់ទុកមួយឆ្នាំ មិនលេីលលែងឡេីយ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រុមការងាររបស់ក្រសួង នឹងនៅតែធ្វើសកម្មភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញលើសទម្ងន់នៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយគិតមកដល់ពេលនេះ បានចាប់រថយន្តទុកមួយឆ្នាំ ដោយមិនគិតថា ជាឡានរបស់អ្នកណា អ្នកមានខ្នងធំ យ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ ព្រោះថាឡានអ្នកក្រ ឡានអ្នកមាន គឺសុទ្ធតែធ្វើឱ្យខូចផ្លូវដូចគ្នា ដូចនេះហើយគឺត្រូវតែគោរពច្បាប់ទាំងអស់គ្នា៕