(កណ្ដាល)៖ លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះអប់រំណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងឡាយ នៅក្រុងតាខ្មៅជុំវិញច្បាប់ស្ដីពី ការដឹកជញ្ជូនសារធាតុរ៉ែ ក្នុងទិសដៅឲ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ជៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិ។
ស្ថិតក្នុងឱកាសនេះ ក៏មានការចូលរួមពីលោក អ៊ុយ សម្បត្តិ អនុប្រធានលេខាធិការដ្ឋាន នៃក្រសួងសាធារណការ, លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល តំណាងលោក មឹង យូឡេង, លោក ភិន ម៉ាដូណា អភិបាលរងក្រុងតាខ្មៅ ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ។
លោក គឹម សាន់ បានថ្លែងថា ការចុះមកអប់រំដល់ម្ចាស់ដេប៉ូទាំងនេះ ជាការអប់រំបែបទន់ភ្លន់ដើម្បីបញ្រ្ចាបពីចំណេះដឹងជុំវិញច្បាប់ចរាចរណ៍ ពិសេសផ្ដោតសំខាន់ទៅលើការផាកពិន័យទៅលើការដឹកលើសទម្ងន់និងណែនាំឲ្យម្ចាស់ដេប៉ូ ទាំងឡាយត្រូវបន្តផ្សព្វផ្សាយពីច្បាប់នេះ ដល់អ្នកបើកបរដឹកខ្សាច់-ដីទាំងអស់ឲ្យយល់ច្បាស់ និងគោរពតាមច្បាប់ដែលបានចែងមករួច ចៀសវាងការយល់ច្រលុំ និងទាមទារសុំឲ្យដឹកលើសទម្ងន់។
លោកបញ្ជាក់ទៀតថា យោងតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងមិនមានសិទ្ធិក្នុងការកែប្រែច្បាប់នោះទេ ហើយបើគិតពីការស្នើសុំរបស់ អ្នកដឹកដី-ខ្សាច់ទាំងឡាយជុំវិញឲ្យមានការដឹកលើសទម្ងន់នោះ គឺទាល់តែមានការធ្វើវិសោធនកម្មច្បាប់ថ្មី (ច្បាប់ថ្មី) ជាមុនសិន ខណ:ដែលបច្ចុប្បន្ននេះ ក្រសួងនៅតែបន្តអនិវត្តន៍តាមច្បាប់ដដែល ហើយទាមទារឲ្យក្រុមអ្នកដឹក ទាំងអស់ត្រូវតែគោរពតាមច្បាប់ដែលបានចែងរួច។ បើមិនគោរទេនោះជំនាញ នឹងចាប់ឡានផាកពិន័យ និងឃាត់ទុករយ:ពេលមួយឆ្នាំ ហើយត្រូវបង់ថវិកាសំរាប់ការផ្ញើរឡានថែទាំថែមទៀតផង។
លោកបានអះអាងទៀតថា ការស្នើសុំរបស់ក្រុមអ្នកដឹកដី-ខ្សាច់កាលពីម្សិលមិញនោះ ពិតជាពិបាកនឹងទទួលយក ដោយសារយោងតាមការសិក្សាពីអ្នកជំនាញទៅលើសម្ភាធផ្លូវថ្នល់ ឃើញថា ការដឹកលើសទម្ងន់នេះ ជាដើមចមដែលនាំឲ្យខូចខាតផ្លូវថ្នល់របស់ជាតិ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា បើសិនក្រុមការងារជញ្ជីងចល័តរកឃើញឡានដឹកទំនិញណា ដែលលើសទម្ងន់២០ភាគរយឡើយ នោះនឹងរងការពិន័យដោយច្បាប់ ហើយត្រូវឃាត់ទុកឡានរយ:ពេលមួយឆ្នាំ ហើយសូមអ្នកដឹកទំនិញទាំងឡាយបញ្ឈប់ដឹកលើសទម្ងន់កំណត់ដោយច្បាប់ ដែលបំផ្លិចបំផ្លាញផ្លូវរបស់យើង ខណ:ដែលសម្ដេចតេជោខិតខំប្រឹងប្រែងរកថវិការមកស្ថាបនាផ្លូវ-ស្ពានឲ្យមានភាពងាយស្រួល និងស្អាតល្អ ដូច្នេះសូមរួមគ្នាគោរពតាមបទដ្ឋានទម្ងន់ទាំងអស់គ្នា ដើម្បីរក្សាបាននូវគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា ក្រុមការងារនឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាពនៃការចុះ ប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំងខេត្តកណ្ដាល និងទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ៕