(ភ្នំពេញ)៖ យុវជនម្នាក់ឈ្មោះ ផុន កុលចំរើន ដែលប្រើប្រាស់រហ័សនាមតាមបណ្តាញសង្គមថា «ស្លាបប៉ាកកាទេវរាជ» ហើយតែរិះគន់រាជរដ្ឋាភិបាល ជាពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ គឺជាមនុស្សដែលមានបញ្ហាសតិ ដែលមានលិខិតបញ្ជាក់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ជាមួយនឹងការបញ្ជាក់នេះ សមត្ថកិច្ចកម្ពុជា បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ ជនមានបញ្ហាសតិខាងលើនេះ ហើយអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មានការប្រុងប្រយ័ត្ន និងឈប់ជឿទៅលើការលើកឡើងរបស់បុគ្គលឈ្មោះ ផុន កុលចំរើន នេះ។

ការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពី យុវជនឈ្មោះ ផុន កុលចំរើន រហ័សនាម «ស្លាបប៉ាកកាទេវរាជ» បាននិយាយតាមរយៈបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា «ការផ្តល់កាតក្រោយចាក់វ៉ាក់សាំង គឺជាការប្លន់អាយុជីវិតរបស់ប្រជាជនខ្មែរ» ហើយចោទថា រាជរដ្ឋាភិបាលធ្វើឱ្យមនុស្សស្លាប់ដើម្បីជំរុញឱ្យចាក់វ៉ាក់សាំងជាដើម។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបដិសេធទាំងស្រុងចំពោះការបង្ហោះរិះគន់ជុំវិញបុគ្គលឈ្មោះ ផុន កុលចំរើន។ លោកអះអាងថា ដោយមានការបទបញ្ជាពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ និងមានកិច្ចសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកបានបញ្ជាដល់កម្លាំងនគរបាលស្រុកស្រែអំបិល ចុះពិនិត្យស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ។

ពាក់ព័ន្ធនឹងករណីនេះលោក ទិត្យ សុផា ដែលមានមុខរបរបើកកន្លែងព្យាបាលជំងឺទូទៅរស់នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ផុន កុលចំរើន ម្ចាស់គណនេយ្យហ្វេសប៊ុកផេនឈ្មោះ «ស្លាបប៉ាកកាទេវរាជ» បានចេញមុខសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសាធារណជនទូទៅ ផ្តល់ក្តីមេត្តា ការយោគយល់ និងអនុគ្រោះចំពោះទង្វើមិនគួរគប្បីរបស់កូនដែលមានជំងឺសសៃប្រសាទ ប្រចាំកាយ ដូច្នេះលោកស្នើកុំមានការភន្តច្រឡំ ឬចាត់ទុកពាក្យសម្តីមិនគប្បីដែលឈ្មោះ កុល ចំរើន និយាយនេះជារឿងផ្លូវការបន្តទៀត។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកបានបញ្ជាក់ទៀតថា មូលហេតុដែលកូនរបស់គាត់បង្ហោះយ៉ាងដូច្នេះ ព្រោះតែមានជំងឺសសៃប្រសាទប្រចាំកាយ សតិមិនគ្រប់គ្រាន់ចាប់ពីតាំងប្រពន្ធរបស់លោកស្លាប់ចោលកាលពីឆ្នាំ២០១៥ ដោយក្រោយពេលភរិយាបានស្លាប់ពី៣ទៅ៤ខែ ឈ្មោះ ផុន កុលចំរើន ចេះតែនិយាយស្តីបែបររើរវាយស្មារតីមិននឹងននិយាយតែផ្តេសផ្តាសខុសធម្មតា។

បើតាមលោក ទិត្យ សុផា ដែលជាឪពុកបង្កើតរបស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ បានអះអាងថា ខ្លួនបាននាំរូបគេទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់គាត់ពិតជាមានជំងឺសរសៃ ប្រសាទប្រាកដមែន តម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យរុស្សី និងតាមដានជាបន្តបន្ទា ប់។

ក្រោយពេលអនុវត្តការថ្នាំលេបថ្នាំព្យាបាល រូបលោកជាឪពុកនិយាយលួងលោមកូន ដើម្បីទៅយកថ្នាំបន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះអារម្មណ៍របស់កូនប្រុសគាត់ ចេះតែនិយាយគ្មានការពិចារណាពុំដឹងខុសត្រូវ។

ទាក់ទិននឹងការបង្ហោះហ្វេកប៊ុករិះគន់សារ ឬអធិប្បាយនានារយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើខ្ទមមួយនៅកណ្តាលវាលស្រែដែលឆ្ងាយពីផ្ទះតែម្នាក់ឯង៕