(ភ្នំពេញ)៖ វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងសុីណូហ្វាម ដែលដឹកមកដល់កម្ពុជាស្អែកនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។

វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។

មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៦លានដូសហេីយ។ ក្នុងនោះប្រមាណ ១៥លាន ៧សែនដូស ជាវ៉ាក់សាំងដែលជាជំនួយ និងទិញមកពីប្រទេសចិន។

នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជាដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដេីម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

ចិនបានក្លាយជាប្រទេសដេីរតួនាទីដ៏សំខាន់ក្នុងការជួយកម្ពុជាសម្រេចផែនការនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦២.០២% ធៀបនឹងគោលដៅចំនួន ១០លាននាក់។

ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែបានជ្រូតជ្រាបពីគុណតម្លៃវ៉ាក់សាំងក្នុងការជួយដល់សុខភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ បានសម្តែងការត្រេកអរ និងបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ៕