(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្ពោធបើកឱ្យដំណើរការ ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ក្នុងខេត្តសៀមរាប។

ពិធីបើកសម្ពោធនេះក៏មានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងមានអ្នកពាក់ព័ន្ធចូល រួមមួយចំនួនទៀត ដោយកម្មវិធីនេះដែរបានរៀបចំឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងផងដែរ។

នៅក្នុងពិធីបើកសម្ពោធនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានអំពីការបើកដំណើរការនៃផ្លូវការមណ្ឌលផ្តល់សេវា សាធារណៈនេះ។ លោកបញ្ជាក់ថា ការបើកដំណើរការមណ្ឌលផ្តល់សេវាសាធារណៈនេះគឺដើម្បីបង្វិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែគៀកទៅនឹងប្រជាពលរដ្ឋ និងផ្តល់សារសំខាន់ច្រើនសម្រាប់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពលរដ្ឋដែលមកទទួលយកសេវាសាធារណៈរបស់រដ្ឋ និងទទួលបានផលចំនេញច្រើន លឿនឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព និងកាត់បន្ថយការចំណាយក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកាច្រើន៕

ខាងក្រោមនេះជាវីដេអូកិច្ចសម្ភាសទាំងស្រុងជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖