(ភ្នំពេញ)៖ គ្រួសារយុវតីម្នាក់ឈ្មោះ ឌីម រស្មី អាយុ១៥ឆ្នាំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានទទូចស្នើសុំដល់សាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយរកយុត្តិធម៌ ក្រោយត្រូវគេចោទថា លួចក្រវិលពេជ្រម្ខាង ខណៈនាងត្រូវបានគេនាំខ្លួនមកកាន់តុលាការនៅរសៀលថ្ងៃនេះ។
គ្រួសារយុវតីខាងលើ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឈ្មោះ ឌីម រស្មី គឺជាអ្នកបម្រើឲ្យផ្ទះមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ។ នាងត្រូវបានម្ចាស់ផ្ទះបញ្ជូនខ្លួន ទៅឲ្យនគរបាលខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ ក្រោយឃុំខ្លួនទាំងគ្មានភស្តុតាង អស់រយៈពេល ២ថ្ងៃ ទើបយុវតី ឌីម រស្មី ត្រូវនគរបាលបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
នគរបាល នៃអធិការខណ្ឌឫស្សីកែវ បានប្រាប់ថា មុនកើតរឿងក្តី ដោយសារកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះខាងលើបានបាត់ក្រវិលពេជ្រម្ខាង។ ក្រវិលនេះ ត្រូវបានរកឃើញវិញដោយឈ្មោះ ឌីម រស្មី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបន្ទប់ទឹក។
ម្ចាស់ផ្ទះចោទថា «ហេតុអ្វីបានជាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ពេលបាត់ភ្លាមៗ រកក្រវិលនេះមិនឃើញ ហើយស្រាប់តែមករកឃើញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១»។ រឿងនេះ ធ្វើឲ្យម្ចាស់ផ្ទះសង្ស័យ ទើបបញ្ជូននាងមកឲ្យនគរបាលខណ្ឌឫស្សីកែវ ប៉ុន្តែគួរជម្រាបថា ទោះបីជាពិនិត្យកាមេរ៉ាសុវត្ថិភាព ក៏មិនមានភស្តុតាងថា ឌីម រស្មី លួចក្រវិលពេជ្រម្ខាងនោះដែរ៕