(ព្រះសីហនុ)៖ លោក ហ៊ុន ភី ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដែលកន្លងមករងការរិះគន់ ពីភាពមិនប្រក្រតី ក្នុងការបំពេញការងារ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចឱ្យចូលនិវត្តន៍ហើយ ដោយដាក់ជំនួសលោក នួន ប៉ុក នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ។
ពិធីប្រកាសតែងតាំងប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុថ្មី ធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមជាអធិបតីពី លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តព្រះសីហនុ ជាច្រើនរូបទៀត។
នាពេលកន្លងមកប្រជាពលរដ្ឋ បានរិះគន់ថា ក្នុងរយៈពេលកាន់តំណែងជិត២ឆ្នាំមកនេះ លោក ហ៊ុន ភី ត្រូវបានគេសង្កេតឃើញថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងការចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិដីរបស់រដ្ឋជាច្រើន ទៅអោយឯកជនដែលជាអ្នកមានប្រាក់ និងមន្ត្រីមានអំណាចជាដើម។
លោក អ៊ឹម ឈុនលឹម បានណែនាំឱ្យប្រធាន ដែលទើបតាំងថ្មីត្រូវចេះសាមគ្គីគ្នាផ្ទៃក្នុងឱ្យបានល្អ ហើយត្រូវដោះស្រាយការងារដែលនៅសេសសល់ និងបញ្ហាប្រឈមជាបន្តទៀត ជាពិសេសត្រូវការពារដីរដ្ឋ រួមទាំងបឹងបួរ ឆ្នេរ កោះជាដើម។
លោក នួន ប៉ុក ក៏ឡើងធ្វើការប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ ដែលបានប្រគល់ភារកិច្ចជូនលោក។ លោកថានឹងខិតខំរៀបចំ រចនាសម្ព័ន្ធពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងសំណង់ឱ្យមានរបៀបរៀបរយព្រមទាំងដោះស្រាយ បញ្ហាដែលមានវិបត្ដិនាគ្រាកន្លងមក៕