(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រីបានប្រគល់សម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជូនទៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង និងសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រារព្ធឡើងនៅសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក វង សូត បានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបង្អែកស្រុកទាំងពីរ ត្រូវបន្តខិតខំយកចិត្តទុកដាក់ស្រាវជ្រាវរកឬសគល់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលជាជំងឺមួយយ៉ាងកាចសាហាវ ឲ្យបានទាន់ពេលវេលា។ ក្រោយពីមានព្រឹត្តិការណ៍ ២០ កុម្ភៈ មិនទាន់រលត់ និងចេះតែរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ អាជ្ញាធរតាមមូលដ្ឋានត្រូវរៀបចំត្រៀមមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដបន្ថែមទៀត ប្រសិនបើនៅតែមានពលរដ្ឋមានរកឃើញវិជ្ជមានកូវីដ-១៩ ។

វិធានការទប់ស្កាត់ ដោយត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សឲ្យបានច្រើន និងវិធានការមួយដែលសំខាន់នោះ គឺផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់សុខមាលភាពពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ លើសពីនេះទៀត លោក វង សូត បានអំពាវនាវ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់បនរជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងចេះអនាម័យ បើទោះបីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចក៏ដោយ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង។

អំណោយ របស់លោក វង សូត ដែលត្រូវចែកជូនរដ្ឋបាលស្រុកកំចារមា ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងទាំងពីរនេះរួមមាន៖ អាល់កុល ៣០កាន , ត្រីខ ៨០កេស ,ទឹកត្រី២០០យួរ, ទឹកស៉ីអ៉ីវ២០០យួរ, សាប៊ូ ៤កេស, ម៉ាស៨កេស ស្មើនឹង២០៨០០ម៉ាស, មី៦០០កេស, ប្រាណបាញ់លាងដៃ១៦កេស, អង្ករ៣០០គីឡូក្រាម , ទៀនព្រះវស្សា៦គូរ ទេយ្យទាន ៦សម្រាប់, ប្រេង១៥០០លីត្រ , គ្រែ២០សម្រាប់ , ឧបករណ៍ តេស្តរហ័ស១៧០សម្រាប់, ថវិកា ៣០លានរៀល។ ក្នុងនោះដែរ អ្នកដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលម្នាក់ៗទទួលថវិកា៥ម៉ឺន រៀល និងគ្រឿងឧបភោគ មួយចំនួនទៀត៕