(ស្វាយរៀង)៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញ និងឃ្លាំមើលទំនិញចេញពីប្រភពដើម រហូតដល់ទីតាំងកន្លែងចែកចាយព្រមទាំងត្រួតពិនិត្យទំនិញតាមឃ្លាំង និងផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថាន និងតាមស្ថានីយ៍លក់ប្រេងឥន្ធនៈស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ផឹង និល ថ្លែងថា «ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) ក្រុមការងារបានចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថាន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។ ជាពិសេសមន្ត្រីជំនាញបានផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួងស្តីពី នីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និងបណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ»

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយដូចជាអាល់កុលក្លែងក្លាយ ចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំរុះចំនួន១៥គីឡូក្រាម។

លោក ផឹង និល បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ផងដែរ៕