(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នាថ្មីៗនេះ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបឹងដូនប៉ា ប្រវែង១៧០០ម៉ែត្រ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ជាតំបន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីទំហំជាង ១១៥ហិកតា ចេញពីផ្ទៃដីបុរីសណ្ឋាគារទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ប្រគល់ជូនប្រជាពលរដ្ឋ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះមើលការដ្ឋានសាងសង់ផ្លូវបឹងដូនប៉ានេះ ដោយផ្ទាល់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ហើយក្រុមការងាររដ្ឋបាលក្រុងសៀមរាបដឹកនាំដោយ លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប ក៏បានចុះត្រួតពិនិត្យ និងសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងគម្រោងសាងសង់ផ្លូវនេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះផងដែរ។
ការសាងសង់ផ្លូវមួយខ្សែ មុនបុណ្យចូលឆ្នាំខ្មែរនេះ គឺជាចំណងដៃថ្មីរបស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ដើម្បីធ្វើដំណើរឆ្លងកាត់ បង្កលក្ខណៈងាយស្រួល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ៕