(រតនគិរី)៖ សកម្មភាពលួចនាំបារីចេញទៅវៀតណាម តាមច្រករបៀងភ្នំក្រហម ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែកើតមានឡើង ដោយមិនមានការទប់ស្កាត់នោះឡើយពីសមត្ថកិច្ចពាក់ព័ន្ធ។
បើសមត្ថកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែនម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលួចប្រាប់ថា គោយន្តដឹកបារី ដឹកចេញពីឃ្លាំងស្តុកក្នុងក្រុងបានលុង ក្នុងមួយថ្ងៃៗប្រមាណ ៣-៤គោយន្ត តែសមត្ថកិច្ចតាមផ្លូវមិនហ៊ានសួរនាំអ្វីទាំងអស់។
មន្រ្តីសមត្ថកិច្ចបានបន្តថា ពេលដែលគោយន្តដឹកដល់គោលដៅខាងក្រុមឈ្មួញវៀតណាម ចាំទទួលសាងបន្តចូលទឹកដីគេដោយគ្មានសមត្ថកិច្ចការពារព្រំដែនត្រួតពិនិត្យទេមិនដឹងថា ខាងណាមានវិជ្ជមាន ឬអវិជ្ជមានជំងឺកូវីដ១៩ទេ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា បារីដែលត្រូវប៉ាន់នៅទីផ្សារប្រទេសវៀតណាមមានដូចជា៖ បារី៥៥៥, បារីហ្សិត, បារីអ៊ីសេ និងបារីហេរ៉ូជាដើម។
លោក ញ៉ែម សំអឿន អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានប្រាប់ថា ទំនិញចេញ-ចូលប្រទេសវៀតណាម តាមច្រកអន្តរជាតិមិនខុសទេ, តែដឹកចេញតាមច្រករបៀងខុសហើយ គឺលួចលាក់៕
លោកបានបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេសបុគ្គលិកក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២១ តទៅ, លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម, អ្នកកាទូត, មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំង២ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល»។