(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាបានទទួលប្រាក់កម្ចីការប្រាក់ទាបពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃសរុបប្រមាណ ២,៨៦៥លានដុល្លារអាមេរិក។ ទឹកប្រាក់នេះ គឺស្មើនឹង ៩០ភាគរយនៃប្រាក់ដែលកម្ពុជាបានខ្ចីពីប្រទេសចិនសម្រាប់អភិវឌ្ឃន៍ប្រទេស។

នៅក្នុងចំណោមប្រាក់កម្ចីលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ២,៨៦៥លានដុល្លារអាមេរិកនេះ ក្រសួងសាធារណការ បានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន ២៩ខ្សែស្មើនឹង ២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន ៨ខ្សែ មានប្រវែង ៨គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបចំនួន ២,៥១៣លានដុល្លារ។ ជាមួយគ្នានេះក្រសួងសាធារណការក៏កំពុងសាងសង់ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ១០ ដែលគិតជាទឹកប្រាក់ចំនួន ៣២២លានដុល្លារ និងកំពង់ផែភ្នំពេញ ដែលមានតម្លៃចំនួន ៣០លានដុល្លារអាមេរិក។

ស្ពានចំនួន៨ខ្សែ ដែលសាងសង់ពីកម្ចីការប្រាក់ទាបរបស់រដ្ឋាភិបាលចិន រួមមាន៖
១៖ ស្ពានកោះកុង ដែលសាងសង់ឡើងនៅឆ្នាំ២០០៤ ដល់២០០៨
២៖ ស្ពានព្រែកក្ដាម ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៧ ដល់ឆ្នាំ២០១១
៣៖ ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៧ ដល់ឆ្នាំ២០១១
៤៖ ស្ពានមិត្តភាពកម្ពុជាចិន តាខ្មៅ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៥
៥៖ ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារថ្មី ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៥
៦៖ ស្ពានមិត្តភាពកម្ពុជា-ចិន សេកុង ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៥
៧៖ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦
៨៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

ក្រៅពីការសាងសង់ស្ពាន ចិនបានផ្ដល់ប្រាក់កម្ចីការប្រាក់ទាបជាច្រើននៅក្នុងការសាងសង់ផ្លូវចំនួន២៩ខ្សែ កំពង់ផែភ្នំពេញចំនួន១ ព្រមជាមួយការពង្រីកផ្លូវជាតិចំនួន២ខ្សែថែមទៀតផង។

វត្តមានផ្លូវ និងស្ពានទាំងនេះ បានរួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍នៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បានជួយឲ្យរោងចក្រ សហគ្រាស ចេញឆ្ងាញពីទីក្រុង និងខិតទៅកាន់តែជិតប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល។ ដោយស្របទៅតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយពេលផ្លូវថ្នល់ និងស្ពាន ត្រូវបានពង្រីកដល់តំបន់ដាច់ស្រយ៉ាល ដែលមានប្រភពទិន្នផលកសិកម្ម និងសិប្បកម្ម ក៏ដូចជាច្រកចេញចូលកម្ពុជាទៅកាន់បណ្ដាប្រទេសជិតខាង។ នេះជាចំណុចវិជ្ជមានមួយ ដែលនាំឲ្យមានការសាយភាយសេដ្ឋកិច្ចជាតិដល់ទីជនបទ កើតចេញពីគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន។

ក្នុងនាមជាប្រមុខរាជរដ្ឋាភាបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ចិនលើការសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍យ៉ាងដូច្នេះ «ចំណុចទាំងអស់នេះបើសិនជាមិនមានចិនទេ សួរថានរណាជាអ្នកជួយយើងពិតប្រាកដ ព្រោះអ្នកដទៃបានត្រឹមស្រែក បានត្រឹមប្រដៅប៉ុន្តែគេមិនឲ្យយើងអ្វីទាំងអស់។ អីចឹងទេយើងចោទជាសំណួរថា បើសិនជាយើងមិនមានទំនាក់ទំនងល្អជាមួយចិនថាតើចិនអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់ថវិកា ឲ្យយើងសម្រាប់ការសាងសង់ដែរឬទេ? ដូច្នេះខ្ញុំពិតជាយល់ថា យើងអនុវត្តនូវនយោបាយចាប់ដៃគូក្នុងការសហការណ៍ជាមួយចិនមិនខុសទេ»

ជាការកត់សម្គាល់ប្រទេសចិន ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅក្នុងនាមជាប្រទេសមិត្តដែកថែបនោះ ចិនមិនត្រឹមផ្ដល់ជាកម្ចីការប្រាក់ទាប និងជំនួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ចិនក៏បានផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីក្រសួងសាធារណការ សិស្សនិស្សិតកម្ពុជាលើផ្នែកសាងសង់នេះផងដែរ៕