(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានរៀបចំពិធីតភ្ជាប់ផ្លូវ៦០ម៉ែត្រ ពីចំណុចផ្លូវលេខ២៧១ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែង៩,១៦០គ.ម ទំហំ៦០ម៉ែត្រក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានឲ្យដឹងថា ការតភ្ជាប់ផ្លូវ៦០ម៉ែត្រ ពីចំណុចផ្លូវលេខ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ទល់នឹងផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ឆ្លងកាត់ភូមិសាស្ត្រ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌដង្កោ ទៅក្រុងតាខ្មៅ ខេត្តកណ្តាលមានប្រវែង ៩១៦០ម៉ែត្រ ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ដែលចូល ពិធីប្រមាណជិត៤០០នាក់នោះ លោក ប៉ា សុជាតិវង្ស បានថ្លែងថា តំបន់អភិវឌ្ឍន៍ជើងឯកនេះ មានសក្កានុពលសេដ្ឋកិច្ច ដូចជាបង្កើតរោងចក្រ សហគ្រាស ដែលជាតម្រូវការ ហើយបើប្រៀបធៀប ទៅនឹងតំបន់ដទៃទៀតឃើញថា ភូមិសាស្ត្រតំបន់នេះល្អ។ បើបងប្អូនបានមើលរូបភាពពីលើអាកាស តំបន់នេះមានសក្តានុខាងផ្នែកសេដ្ឋកិច្ច និងការរស់នៅ ប្រកបដោយផាសុខភាពពីព្រោះផ្លូវជាតិលេខ២ មានផ្លូវជើងឯក និងផ្លូវ៣៧១ ព័ទ្ធជុំវិញ ហើយតំបន់អភិវឌ្ឍន៍ជើងឯកនេះ ស្ថិតនៅចំកណ្តាលតំបន់ពាណិកជ្ជកម្ម នៃទីរាជធានីភ្នំពេញតែម្តង។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «យើងរៀបចំទៅជាតំបន់អភិវឌ្ឍន៍ ទីក្រុងរណបបៃតង ស្របតាមសក្តានុពល ទាំងខាងរដ្ឋបាល ទាំងខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ល។»
ដោយបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាលក៏បានប្រទានកម្មតំបន់បឹងជើងឯកនេះ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់ឯកជនកាន់កាប់ យើងព្រលែងចេញពីអនុប្រយោគ ចេញពីកម្មសិទ្ធិរបស់រដ្ឋ ជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ កម្មសិទ្ឋិឯកជនរបស់រដ្ឋឲ្យទៅជាកម្មសិទ្ធិឯកជន។
ប្រទានកម្មនេះ ត្រូវបានធ្វើដោយជំហានៗ មិនអាចដាក់ទៅភ្លាមបានទេ ព្រោះវាពាក់ព័ន្ធនឹងការគ្រប់គ្រងកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ។ អីចឹងហើយយើងបានវេចខ្ចប់តំបន់នេះ ដែលមានទំហំ២៥៧២ហិកតា ឲ្យទៅជាតំបន់អភិវឌ្ឍន៍មួយកញ្ចប់ មិនអាចកាត់ជាតំបន់អភិវឌ្ឍន៍ដុំបាននោះទេ បើយើងអភិវឌ្ឍន៍ដោយដុំនោះ វាពិបាកដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់។
ដោយហេតុថា សាលារាជធានីមានបទ ពិសោធន៍ ពេលយើងមិនមានបានរៀបចំ ប្លង់គោល ដូចតំបន់នេះ ធ្វើឲ្យក្លាយជាតំបន់មិនរៀបរយ ហើយសងត្រឡប់មកវិញ ធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់។ការឈឺចាប់នោះ គឺការអត់ប្រព័ន្ធលូ អត់ផ្លូវ ឬផ្លូវតូច ហើយបងប្អូនពិតជាមានការលំបាក នៅពេលចេញចូលផ្ទះ ឬពេលមានបុណ្យទានម្តងៗ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថា ការតភ្ជាប់ផ្លូវ ៦០ម៉ែត្រ ពីចំណុចផ្លូវលេខ ២៧១ ឆ្ពោះមកកាន់ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែង ៩,១៦០គ.ម ទំហំ៦០ម៉ែត្រ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា «ផ្លូវនេះអាចថា ជាផ្លូវដែលមានទំហំធំជាងគេបង្អស់ នៅទូទាំងប្រទេសយើងនេះ»។ ការបើកឲ្យមានផ្លូវមួយខ្សែនេះ គឺមានសារៈសំខាន់ណាស់ ដោយបានរំដោះការកកស្ទះចរាចរណ៍ បានមួយផ្នែកធំនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រលើ សង្កាត់ចាក់អង្រែក្រោម។ ដូច្នេះបងប្អូនដែលធ្លាប់ធ្វើដំណើរតាមផ្លូវជាតិលេខ២ ឆ្ពោះមកក្រុងតាខ្មៅ ពីក្រុងតាខ្មៅមកកាន់រាជធានីភ្នំពេញ ឬការចេញចូលទៅបណ្តាខេត្តនានា និងតំបន់នានា សង្ឃឹមថា នឹងមិនព្រួយចំពោះការកកស្ទះចរាចរទៀតឡើយ។ ផ្លូវនេះនឹងគ្រោងដាក់ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ៕
/12378011_1575282426119456_3225766523587696295_o.jpg" width="730" />