(ភ្នំពេញ)៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ទៅជាប្រឡាយបេតុងដោយការបុកស៉ីផាយបេតុងជញ្ជាំងប្រឡាយ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង មកដល់ពេលនេះការដ្ឋានទាំងមូលជិត ឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ ១២០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែង ១៥០០ម៉ែត្រ ដោយសារតែ រាំងស្ទះជាមួយនឹងផលប៉ះពាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ ទាំងក្រុមការងារនិងអាជ្ញាធរ បាននិងកំពុងដោះស្រាយបណ្តើរ ធ្វើបណ្តើរហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ជាបេតុង ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង ការដ្ឋានជិតឈានដល់ ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប ១៥០០ម៉ែត្រ ដោយសារតែ រាំងស្ទះដោយផលប៉ះពាល់ និងម្យ៉ាងទៀតដោយសារ ការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់ សំរាម ជាមួយបុកស៉ីផាយបេតុងជញ្ជាំងប្រឡាយ។

លោក សាំ ពិសិដ្ឋ បន្តទៀតថា ប្រឡាយស្ទឹងមានជ័យ ដែលបាននឹងកំពុងស្ថាបនាដោយការបុកស៉ីផាយបេតុងជញ្ជាំងប្រឡាយនេះ មានប្រវែងជាង ១៥០០ម៉ែត្រ តែមកដល់ពេលនេះ នៅសល់តែប្រវែង ១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងរួចរាល់។ ប៉ុន្តែទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី ប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ពោលគឺអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងបានយ៉ាងល្អ។
ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ហើយចំពោះប្រជាពលរដ្ឋ ដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យនេះ ក៏ទទួលបានដី សម្រាប់សាងសង់ផ្ទះ មានកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងថែមទៀត ទៅតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា ពាក់ព័ន្ធការស្ថាបនាប្រឡាយស្ទឹងមានជ័យ ក្នុងផេករបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកនេះ ក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា៖ «អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ !»៕