(កណ្ដាល)៖ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា លោកបាននិងកំពុងកសាងផ្លូវមួយខ្សែ ដោយបានកែប្រែផ្លូវរទេះគោបូរាណកាលមក ឲ្យក្លាយជាផ្លូវកៅស៊ូ DBST យ៉ាងស្អាត កាត់ផ្លូវ៦០ម៉ែត្រ។ រហូតមកដល់ពេលនេះ ក្រុមការងារកំពុងកសាងបានមួយភាគធំរួចហើយ និងកំពុងបន្តដំណើរឆ្ពោះទៅបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ជួបជាមួយអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ប្រធានមន្ទីរសាធារណរូបនេះ បានថ្លែងថា ផ្លូវនេះបានកសាងមួយដំណាក់កាលរួចមកហើយ ដោយកសាងផ្លូវទទឹង៧ម៉ែត្រ បណ្ដោយបាន ១,៤០០ម៉ែត្រ និងបានដាក់លូរួចរាល់ ហើយបច្ចុប្បន្នកំពុងកសាងបន្តមួយដំណាក់កាលទៀតទាំងផ្លូវនិងលូ ដោយតភ្ចាប់ពីផ្លូវ២១អា ឆ្ពោះទៅកាន់ផ្លូវលេខ២១ កាត់ទទឹងផ្លូវ៦០ម៉ែត្រស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

លោកអះអាងថា ការស្ថាបនាផ្លូវនេះ គឺស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ការរៀបប្រព័ន្ធលូមានស្តង់ដារ ហើយផ្លូវនេះពិតជាពិសេសណាស់ដោយបានតភ្ជាប់សរសៃឈាមពីផ្លូវលេខ២២អា ទៅកាន់ផ្លូវលេខ២១ ហើយកាត់ផ្លូវ៦០ម៉ែត្រ ដែលបង្កឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងការដឹកជញ្ជូនស្បៀងអាហារជាដើម។

លោកប្រធានមន្ទីរ បានទទូចសុំឲ្យពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវ ដោយដឹកមិនឲ្យលើសទម្ងន់ ហើយពលរដ្ឋកុំចោលសំរាមដាក់មាត់លូដែលអាចបង្ករឲ្យមានការកកស្ទះទៅថ្ងៃខាងមុខ។

គួរជម្រាបថា គម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ មានច្រើនទីតាំង ហើយក៏កំពុងរៀបចំចាត់ចែងកសាងជាបណ្ដើរៗហើយ ទៅតាមភូមិសាស្ត្រនានា នៅក្នុងខេត្តកណ្ដាល ក្នុងទិសដៅធ្វើយ៉ាងណា បង្កើតឲ្យមានផ្លូវស្អាត មានប្រព័ន្ធលូខ្វាត់ខ្វែង បំរើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕