(បន្ទាយមានជ័យ)៖ ក្នុងពេលរដូវបិទនេសាទសមត្ថកិច្ចចម្រុះដឹកនាំដោយលោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផល ស្រុកមង្គលបុរី និងលោក ឈួម ធូ មន្ត្រីអាជ្ញាធរបឹងទន្លេសាប កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងប្រជាសហគមន៍ បានចុះបង្ក្រាបបទល្មើសនេសាទនានា ដើម្បីទុកឱកាសឱ្យត្រីពងនៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្រ្ត ឃុំសំបួរស្រុកមង្គលបូរី ជាប់នឹងតំបន់រនាមព្រៃលិចទឹកបឹងទន្លេសាប។

លោក សេង ធូ បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសទេសាទនេះ មានបទល្មើសនេសាទបានជាហូរហែដោយជនខិលខូចបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ធនធានមច្ឆជាតិក្នុងរដូវត្រីពងកូននេះ។

លោកបានបញ្ជាក់ថា «ក្នុងការបង្ក្រាបពេលមួយថ្ងៃនេះ សមត្ថកិច្ចចម្រុះបានរឹបអូស និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិចែកអង្កររកឃើញ របាំងសាច់អួនប្រវែងប្រហែល ៥០ម៉ែត្រ បង្គោលឫស្សីចំនួន ៥០ដើម»

នៅចំណុចអន្លង់វិលរឹបអូសរបាំង សាច់អួនចំនួន៣០ម៉ែត្រ បង្គោលឫស្សីចំនួន៤០ដើម នៅចំណុចស្ទឹងតាគើតក្រោមស្រែព្រៃរបាំងសាច់អួនប្រវែង ៣០ម៉ែត្របង្គោលឫស្សី ១៤ដើម និងនៅចំណុចក្នុងស្ទឹងក្រោមស្រែព្រៃរបាំង សាច់អួន៣០ម៉ែត្រ និងបង្គោលឫស្សីចំនួន ៣០ដើម។

សរុបទាំង៤ទីតាំងរឹបអូសបានរបាំងសាច់អួនចំនួន១៤០ម៉ែត្រ និងបង្គោលឫស្សីសរុប១៥០ដើម ព្រមទាំងបានដោះលែងកូនត្រីចូលក្នុងបឹងធម្មជាតិ វិញចំនួន១០គីឡូក្រាមផងដែរ។ ដោយឡែក ជនខិលខូចដែលប្រព្រឹត្តបទល្មើសនេសាទខាងលើ បានគេចខ្លួនបាត់ស្រមោល។

លោក សេង ធូ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានបញ្ហា និងការបង់ខាតនានា នៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ និងសូមឱ្យប្រជាពលរដ្ឋជាពិសេសអ្នកនេសាទ ត្រូវចូលរួមការពារ ធនធានមច្ឆជាតិទាំងអស់គ្នាឱ្យបានគង់វង្ស តាមរយៈការនេសាទត្រឹមត្រូវតាមច្បាប់អនុញ្ញាត៕