(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះបានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាល កំពុងតែពង្រឹងផែនការរបស់ខ្លួន រួមទាំងសហការជាមួយ ដៃគូពាក់ព័ន្ធទាំងអស់ កាត់បន្ថយគ្រោះថ្នាក់មកពីគ្រឿងញៀន ឲ្យបានកាន់តែច្រើន ដល់គោលដៅដែលបានកំណត់ ក្នុងគោលបំណងទប់ស្កាត់ ហានីភ័យមកពីគ្រឿងញៀន និងជំងឺឆ្លងរោគតាមឈាមដូចជា ជំងឺអេដស៍ ជំងឺកាមរោគ ជំងឺរលាកថ្លើម រួមទាំងជំងឺផ្សេងទៀត។
លោករដ្ឋមន្ដ្រីបានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពីការកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ២០១៦-២០២០ នៅទីស្ដីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
លោករដ្ឋមន្ដ្រីបន្ដថា «ដើម្បីអនុវត្ដន៍ផែនការយុទ្ធសាស្ដ្រ ឲ្យបានជោគជ័យ ខ្ញុំសូមអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋាន មន្ដ្រីអនុវត្ដច្បាប់ មេត្ដាចូលរួមសហការយ៉ាងជិតស្និទ ជាមួយក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព»។
លោកបន្ថែមថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យមានមណ្ឌលបន្សាបគ្រឿងញៀន ទូទាំងប្រទេស សរុបប្រមាណ៥០ ហើយនឹងពង្រីកបន្ថែមទៀត ពិសេសខាងក្រសួង គឺផ្ដល់ប្រឹក្សាការថែទាំ និងឱសថបរិក្ខាពេទ្យផងដែរ។
ជាមួយគ្នានេះ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា «បញ្ហាគ្រឿងញៀន ជាបញ្ហាមួយដែលគេតែងតែមើលរំលង តែពេលនេះយើងមិនត្រូវមើលរំលងទៀតឡើយ ខ្ញុំបានចាំថា កាលពីឆ្នាំ២០១២ បានធ្វើការស្ទាបស្ទង់មតិ រកឃើញថា តួលេខអ្នកប្រើប្រាស់គ្រឿងញៀន ប្រមាណ១៣,០០០នាក់ ទាបបំផុត ១២,០០០នាក់ ហើយបើខ្ពស់បំផុត គឺមិនលើសពី២,៨០០០នាក់។ ហើយក្នុងឆ្នាំ២០១៥កន្លងទៅនេះ តួលេខពិតប្រាកដ ដែលយើងបានរកឃើញដោយមន្ដ្រី អភិវឌ្ឍន៍ច្បាប់ និងអង្គភាពមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងគ្រឿងញៀន គឺមានតួលេខ ចំនួន ១៩,៥៧៥នាក់ ហើយនៅក្នុងចំណោមនោះ មាន៤០ភាគរយ បានទទួលយកការព្យាបាល ស្ថិតនៅក្រោយការគ្រប់គ្រង ឯជាង៥០ភាគរយទៀត គឺបានស្ថិតនៅក្រៅការគ្រប់គ្រង»។
លោកបន្ថែមថា បច្ចុប្បន្ននេះបញ្ហាគ្រឿងញៀន បានបន្ដរីករាលដាលកាន់តែច្រើនផងដែរ ដោយពីមុនមានតែនៅទីប្រជុំជន ឬនៅរាជធានីភ្នំពេញ តែឥលូវនេះបានបន្ដមកដល់ជនបទហើយ តែឥលូវនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវបញ្ជាផ្ទៃក្នុង លេខ០១ ហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក៏បានរៀបចំយ៉ាងសកម្ម នៅគ្រប់បណ្ដាខេត្ដ ដែររួមផ្សុំទាំងចុះទៅតាមខេត្ដ ផ្ទាល់ជាច្រើនទៀត នៅទូទាំង២៥ខេត្ដ-រាជធានី៕