(កណ្តាល)៖ មន្រ្តីនគរបាលចរាចរណ៍ខេត្តកណ្តាលម្នាក់ បានរងនូវការរិះគន់ពីប្រជាពលរដ្ឋថា មិនព្រមទទួលយកលុយរៀលក្រដាស២ម៉ឺនរៀល គ្រាន់តែរហែកបិទស្កុតបន្តិចសោះ នៅពេលដែលប្រជាពលរដ្ឋរូបនេះ បានបើករថយន្តលើសល្បឿនហើយត្រូវបាននគរបាល ចាប់ផាកពិន័យចំនួន៤ម៉ឺនរៀល។
បុរសដែលបើករថយន្តលើសល្បឿន ហើយត្រូវបានក្រុមនគរបាលចរាចរណ៍ ខណៈកំពុងត្រួតពិនិត្យគោលដៅតាមផ្លូវជាតិលេខ៣ ចាប់ឃាត់ និងផាកពិន័យ៤ម៉ឺនរៀលនោះ បាននិយាយថា ពេលនោះគាត់បានឲ្យលុយទៅនគរបាលគ្រប់ចំនួន ដោយក្រដាស២ម៉ឺនទាំង២សន្លឹក ប៉ុន្តែក្រដាស២ម៉ឺនមួយសន្លឹករហែកបិទស្កុតបន្តិចសោះ ស្រាប់តែនគរបាលម្នាក់ មិនទទួលយកដោយឆ្លើយតបថា «ខាងរតនាគារខេត្តកណ្តាល មិនយកលុយរហែកទេ»។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិតាកុច ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នគរបាលចរាចរណ៍ ដែលទទួលរងនូវការរិះគន់នោះមានឈ្មោះ អ៊ឹម ចណ្ណារ៉ា អត្តលេខ៤០៥៧៥ តែមិនដឹងថា ជានគរបាលបម្រើការងារនៅអធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ឬស្នងការដ្ឋាននគរបាលខេត្តកណ្តាលនោះទេ។
ចំណែកបុរសនោះមិនទាន់ស្គាល់ឈ្មោះទេ តែបើករថយន្តតូយ៉ូតាកូម៉ា២បាំង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P 3747។ បើយោងតាមច្បាប់រដ្ឋដូចមានចែង ក្នុងមាត្រា៤៣ និង៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ «ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន។ ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ»។
យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីនគរបាលចរាចរណ៍ដែលរងការរិះគន់នោះទេ៕